BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion meeting on the (Cambodia Productive Economy Community - CPEC)

ពិភាក្សាអំពីការរៀបចំយន្តការសហគមន៍ផលិតភាពសេដ្ឋកិច្ចកម្ពុជា​ 

Discussion meeting on the (Cambodia Productive Economy Community - CPEC)

———

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទី នៅអាគារសភាពាណិជ្ជកម្មកម្ពុជា​, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា​ និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងសមាជិកពាក់ព័ន្ធនៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនឹង អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការរៀបចំយន្តការសហគមន៍ផលិតភាពសេដ្ឋកិច្ចកម្ពុជា​ (Cambodia Productive Economy Community - CPEC) ដែលដឹកនាំដោយ ឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ផ.ក រួមនិងក្រុមការងារ។

កិច្ចប្រជុំនេះមានគោលបំណង៖

១). ដើម្បីពិភាក្សា អំពីទស្សនវិស័យរបស់ វិស័យឯកជនលើយន្តការសហគមន៍ផលិតភាពសេដ្ឋកិច្ចកម្ពុជា​ CPEC ព្រមទាំងតម្រូវការពីសង្គមជាតិក្នុងការជំរុញយុទ្ធសាស្ត្រផលិតភាពសេដ្ឋកិច្ចជាតិ និង

២).ពិភាក្សាអំពីលទ្ធភាពសហប្រតិបត្តិការក្នុងការអនុវត្តយន្តការសហគមន៍ផលិតភាពសេដ្ឋកិច្ចកម្ពុជា​ CPEC នាអនាគតផងដែរ ។

សូមជម្រាបជូនថា គណៈកម្មាធិការជាតិ ផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក.) កំពុងគ្រោង និងរៀបចំបង្កើតយន្តការសហគមន៍ផលិតភាពសេដ្ឋកិច្ចកម្ពុជា (Cambodia Productive Economy Community-CPEC) ដើម្បីបញ្ចូលយុទ្ធសាស្ត្រ, ឯកទេសកម្ម និងការគាំទ្ររបស់ វិស័យឯកជនក្នុងការអភិវឌ្ឍ និងអនុវត្តក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២-២០៣៥ ។

យន្តការ CPEC គីជាថ្នាលសម្រាប់សហប្រតិបត្តិការផ្នែកបច្ចេកទេស និងប្រតិបត្តិការជាមួយវិស័យឯកជន ក្នុងគោលបំណង៖

១). ស្វែងរក និងស្វែងយល់បន្ថែមអំពីគម្លាតផ្នែកបច្ចេកទេស និងប្រតិបត្តិក្នុងការអនុវត្តផលិតភាពសេដ្ឋកិច្ចជាតិ រួមទាំងសិក្សាឱ្យបានស៊ីជម្រៅលើសកម្មភាពទីផ្សារសេដ្ឋកិច្ចកម្ពុជា ដើម្បីយកទៅរៀបចំយុទ្ធសាស្ត្រវិនិយោគ ឱ្យចំទិសដៅ សម្រាប់សេដ្ឋកិច្ចអនាគត,

២). អំពីយុទ្ធសាស្ត្របង្កើនសមត្ថភាពផលិតកម្ម និងលទ្ធភាពប្រកួតប្រជែងនៃផលិតកម្មក្នុងស្រុក និងសមិទ្ធកម្មនៃការនាំចេញរបស់កម្ពុជា, និង

៣) អំពីយុទ្ធសាស្ត្របង្កើនគុណភាពគណនា វាស់វែង និងវាយតម្លៃលើផលិតភាពនៃសមត្ថភាព (productive capability) និងផលិតភាពនៃលទ្ធភាព (productive capacity) ព្រមទាំងសមិទ្ធកម្ម (performance) នៃសេដ្ឋកិច្ចឧស្សាហកម្មនៅកម្ពុជា ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:០០ នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

​​​​​​​

Share: