BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមព្រះរាជពិធីអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរៈកិច្ចអាស៊ាន បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ ២០២៦ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) ដែលប្រព្រឹត្តឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឯករាជ្យ។
ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដសម្រាប់កម្ពុជា។
ពិធីនេះមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗរបស់កម្ពុជា មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។

​​​​​​​

Share: