BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ជំនួបអាជីវករ និងសហគ្រិនខេត្តបាត់ដំបង ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង និងភាពជាដៃគូអាជីវកម្ម

នាថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង សហការជាមួយសមាគមទាំង៨ក្នុងខេត្តបាត់ដំបង​ បានរៀបចំកម្មវិធី «ជំនួបអាជីវករ សហគ្រិន» ក្រោមអធិបតីភាព លោក​ លាង​ វាសនា​ អភិបាលក្រុងបាត់ដំបង​ លោក​ គឹម​ ហួត​ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង​ និងមានការអញ្ជើញចូលរួមពី​ ឧកញ៉ា​ អ៉ឹង​ វណ្ណម៉ៅ​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ,តំណាងសភាពាណិជ្ជកម្មខេត្តប៉ៃលិន,លោកប្រធានមន្ទីរវប្បធម៌​ និងវិចិត្រសិល្ប: ,លោកស្រី​ អនុប្រធានមន្ទីរ​ ឧ.វ.ប.ន​ ,លោកអនុប្រធានមន្ទីរទេសចរណ៍,លោកនាយកវិទ្យាស្ថាន,លោកអធិការក្រុង​ តំណាងសមាគមទាំង៧ អាជីវករ ពាណិជ្ជករ សហគ្រិន និងភ្ញៀវកិត្តិយស​ សរុបជាង១៧០នាក់ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្មារតីសាមគ្គីភាព។
កម្មវិធីនេះមានគោលបំណងបង្កើត និងពង្រឹងបណ្តាញទំនាក់ទំនងរវាងអ្នកប្រកបអាជីវកម្ម លើកកម្ពស់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងស្វែងរកឱកាសសហការអាជីវកម្មថ្មីៗ ព្រមទាំងជំរុញការចូលរួមពីវិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តបាត់ដំបង។
ជាពិសេស កម្មវិធីនេះក៏ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនងរវាងសមាគម និងសហគ្រិន ព្រមទាំងបង្កើនភាពជាដៃគូរវាងអាជីវករ ដើម្បីរួមគ្នាបង្កើតឱកាសអាជីវកម្ម និងជំរុញការរីកចម្រើនប្រកបដោយចីរភាព។
សភាពាណិជ្ជកម្មខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអធិបតី សមាគមទាំង៨​ អាជីវករ ពាណិជ្ជករ សហគ្រិន និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួម និងគាំទ្រឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានបរិយាកាសដ៏ល្អប្រសើរ។ សង្ឃឹមថាកម្មវិធី «ជំនួបអាជីវករ សហគ្រិន» នឹងក្លាយជាវេទិកាដ៏មានតម្លៃសម្រាប់ការពង្រឹងសាមគ្គីភាព និងពង្រីកបណ្តាញអាជីវកម្ម ក៏ដូចជារួមគ្នាជំរុញសេដ្ឋកិច្ចក្នុងខេត្តបាត់ដំបង។
រូបភាព និងអត្ថបទ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង

​​​​​​​

Share: