(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងបានគោរពថ្វាយកម្រងផ្កាដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ខាងកើតវិមានឯករាជ្យ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៦។
តាងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា សូមចងចាំជានិច្ចនឹងមិនអាចភ្លេចបាននូវស្នាព្រះហស្ត និងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យដ៏ឧត្ដុង្គឧត្ដម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីជាតិ ប្រជារាស្រ្ត និងបូរណភាពទឹកដីក្នុងការទាមទារយកឯករាជ្យដល់ព្រះរាជាណាចក្រកម្ពុជានៃយើងពីបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។






BECOME A MEMBER
