BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ព្រះរាជពិធីពន្លត់ភ្លើងជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៧៣ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦)

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម ព្រះរាជពិធីពន្លត់ភ្លើងជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៧៣ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦)  ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ 
ព្រះរាជពិធីពន្លត់ភ្លើងជ័យ នៃទិវាបុណ្យឯករាជ្យជាតិលើកទី៧៣នេះ គឺមានការយាង និងអញ្ជើញចូលរួមនិងដង្ហែពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័នតុលាការ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។ 
គួរបញ្ជាក់ថា ភ្លើងជ័យ ដែលជានិមិត្តរូប ភាព ភ្លឺ ចិញ្ចែងចិញ្ចាចនៃសិទ្ធិសេរីរបស់ប្រជាពលរដ្ឋខ្មែរក្រោយទទួលបានឯករាជ្យ ត្រូវបានអុជបំភ្លឺរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

​​​​​​​

Share: