BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំលើកទី១១ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ)

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) បានចាត់តាំង លោកជំទាវ ឧកញ៉ា ស៊្រាត មុំសុភា សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំលើកទី១១ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អ្នកឧកញ៉ា ឧកញ៉ា តំណាងវិស័យឯកជន ព្រមទាំងថ្នាក់ដឹកនាំ និងអង្គភាពប្រតិបត្តិការរបស់ ក.ផ.ផ. សរុបប្រមាណ ៣០រូប។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងពិភាក្សាអំពីស្ថានភាពវិស័យទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិសដៅ និងសកម្មភាពអាទិភាពនានា សំដៅដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា និងលើកកម្ពស់ប្រសិទ្ធភាពនៃការសិក្សាទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
ការចូលរួមរបស់តំណាងសភាពាណិជ្ជកម្មកម្ពុជាក្នុងកិច្ចប្រជុំនេះ បានបង្ហាញពីការបន្តយកចិត្តទុកដាក់ និងការចូលរួមចំណែករបស់វិស័យឯកជន ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពង្រឹងកិច្ចសហការរវាងរដ្ឋ និងឯកជន ព្រមទាំងលើកកម្ពស់កិត្យានុភាព និងសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយនៅលើទីផ្សារជាតិ និងអន្តរជាតិ។

​​​​​​​

Share: