BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

"Opening Ceremony of the Workshop on 'Consumer Protection: Inclusive Business Practices' and Celebration of World Consumer Rights Day 2026 under the Theme: 'Safe Products, Confident Consumers"

ពិធីបើកសិក្ខាសាលា ស្តីពី «ការការពារសិទ្ធិអ្នកប្រើប្រាស់៖ ការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន» និងការចូលរួមអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ «ផលិតផលមានសុវត្ថិភាព អ្នកប្រើប្រាស់មានទំនុកចិត្ត»

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន សមាជិក សភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការការពារសិទ្ធិអ្នកប្រើប្រាស់៖ ការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន» និងការចូលរួមអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ «ផលិតផលមានសុវត្ថិភាព អ្នកប្រើប្រាស់មានទំនុកចិត្ត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិក សមាជិកា នៃ គ.ជ.ក.ប. និង គ.ប.ក. លោក Koen Everaert លេខាទី១-អនុប្រធានផ្នែកសហប្រតិបត្តិការ ប្រតិភូនៃសហភាព អឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Frank Jattke ប្រធានក្រុមការងារអនុវត្តគម្រោង GIZ-ASEAN ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងសិស្ស-និស្សិតជាច្រើនរូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារសិទ្ធិរបស់អ្នកប្រើប្រាស់ ពិសេសអ្នកប្រើប្រាស់ដែលជាជនងាយរងគ្រោះ ជនមានពិការភាព ក្នុងការជំរុញ និងពង្រឹងអំណាចរបស់អ្នកប្រើប្រាស់ (Consumer Empowerment) តាមរយៈការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន (Inclusive Business Practices) ដែលនឹងប្រើប្រាស់សិក្ខាសាលានេះជាវេទិកាសាធារណៈ ផ្តល់កិច្ចសន្ទនា (Public Private Dialogue) រវាងស្ថាប័នរដ្ឋ វិស័យឯកជន និងអ្នកប្រើប្រាស់ ព្រមទាំងបញ្ជ្រាបខ្លឹមសារចូលរួមអបអរសាទរ ទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ «ផលិតផល មានសុវត្ថិភាព អ្នកប្រើប្រាស់មានទំនុកចិត្ត» ដែលត្រូវបានរៀបចំនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

Share: