BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

CAMBODIA-ASEAN BUSINESS SUMMIT 2026

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦

កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ ដោយផ្តោតលើនវានុវត្តន៍ និងការធ្វើសមាហរណកម្មតំបន់

រាជធានីភ្នំពេញ៖ កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦ បានបញ្ចប់ជាផ្លូវការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ "ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តនៃឧស្សាហកម្ម" ដែលជាវេទិកាកម្រិតខ្ពស់និងបានរំលេចអំពីភាពលេចធ្លោរបស់កម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ "បូកមួយ" (Plus One) នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ។ ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលធុរកិច្ចនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិ ធំៗនៅកម្ពុជានិងអាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ ប្រមាណ ៧០០ នាក់។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា (ASEAN-BAC Cambodia) បានគូសបញ្ជាក់ថា ភាពធន់នៃសេដ្ឋកិច្ចតំបន់ក្នុងឆ្នាំ២០២៦ គឺទាមទារឱ្យមានការវិវត្តយ៉ាងសកម្មឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ។ អ្នកឧកញ៉ាប្រធាន កត់សម្គាល់ថា ច្បាប់ស្តីពីវិនិយោគឆ្នាំ២០២១ របស់កម្ពុជា គឺអនុញ្ញាតឱ្យបរទេសជាម្ចាស់កម្មសិទ្ធិក្រុមហ៊ុន ១០០% ស្ទើរតែគ្រប់វិស័យ។ នេះជាមូលដ្ឋានគ្រឹះនៃអត្ថប្រយោជន៍ប្រកួតប្រជែងរបស់ជាតិ ។

លោក អានតូនី ផាទ្រីគ ឈួ (Anthony Patrick Chua) តំណាងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦ (ហ្វីលីពីន) បានលើកឡើងអំពីក្របខ័ណ្ឌ "រង្វង់នៃវិបុលភាព" (Circle of Prosperity) ដែលផ្តោតលើការធ្វើសមាហរណកម្មសហគ្រាសធុនតូច មធ្យម និងមីក្រូ (MSMEs) ទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ តាមរយៈការបង្កើនឌីជីថលរូបនីយកម្ម និងការកសាង សមត្ថភាពបញ្ញាសិប្បនិម្មិត (AI) ។

កិច្ចប្រជុំកំពូលបានរៀបចំវគ្គពិភាក្សាបច្ចេកទេសចំនួនបួន ដែលដោះស្រាយលើសសរស្តម្ភសេដ្ឋកិច្ចសំខាន់ៗសម្រាប់ការផ្លាស់ប្តូរតំបន់ រួមមាន៖ ១) ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម ២) នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា ៣) សមាហរណកម្មតំបន់ និង ៤) ការវិវត្តនៃកម្លាំងពលកម្ម។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានថ្លែងសុន្ទរកថាបិទដោយសង្កត់ធ្ងន់លើតួនាទីសំខាន់នៃនវានុវត្តន៍ សមាហរណកម្ម និងការចូលរួមពីវិស័យឯកជន ។ ឯកឧត្តម បានបញ្ជាក់ថា កិច្ចសហការប្រកបដោយនិរន្តរភាពជាមួយសហគមន៍ធុរកិច្ច គឺចាំបាច់ណាស់ក្នុងការបំប្លែងអាទិភាពតំបន់ឱ្យទៅជាលទ្ធផលជាក់ស្តែង ដូចជាការបង្កើនការតភ្ជាប់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចតំបន់ដែលមានភាពធន់ជាងមុន ។

បន្ថែមលើកិច្ចពិភាក្សា ក៏មានការរៀបចំវគ្គជំនួបពិភាក្សាធុរកិច្ច (Business Matching) ដើម្បីសម្របសម្រួលការជួបជុំរវាងក្រុមហ៊ុនកម្ពុជា និងអន្តរជាតិ សំដៅជំរុញឱកាសវិនិយោគភ្លាមៗ ។

កិច្ចប្រជុំកំពូលបានបញ្ចប់ដោយកម្មវិធីលៀងសាយភោជន៍ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការកែទម្រង់ស្ថាប័នរបស់ខ្លួន ឲ្យដើរតួនាទីជាកាតាលីករសម្រាប់ជំរុញភាពជោគជ័យវិស័យឯកជន ទាំងនៅកម្ពុជា និងសហគមន៍អាស៊ាន ។

 

Share: