BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Cambodian Chamber of Commerce General Assembly Organizing Committee Meeting

អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាជាមួយ គណៈប្រតិភូធុរកិច្ចកាណាដា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចកាណាដា ដែលដឹកនាំដោយ លោក ម៉ូ ខេវិន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។

ក្នុងឱកាសនៃជំនួបសម្តែងការគួរសមនេះ លោកប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ុងរ៉េអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូធុរកិច្ចកាណាដា ចូលជួបពិភាក្សាការងារ។ លោកបានបញ្ជាក់ថា ការិយាល័យតំណាងតែងតែដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួល និងជំរុញក្រុមហ៊ុនកាណាដាមកស្វែងរកកាលានុវត្តភាពធុរកិច្ច និងដៃគូសហការនៅកម្ពុជា។ សម្រាប់ដំណើរបេសកកម្មនាពេលនេះ គឺផ្តោតសំខាន់លើវិស័យអចលនទ្រព្យ ធនាគារ និងការវិនិយោគ។ ក្នុងនោះ លោកក៏បានជម្រាបអំពីក្រុមហ៊ុន Brivia Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ និងជោគជ័យមួយនៅកាណាដា ដែលមានបំណងឈ្វេងយល់ពីទីផ្សារកម្ពុជា និងស្វែងរកកិច្ចសហការលើការវិនិយោគអចលនទ្រព្យរវាងកម្ពុជា កាណាដា និងសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ការិយាល័យតំណាងនឹងសហការជាមួយស្ថាប័នហិរញ្ញវត្ថុកាណាដា ដើម្បីជំរុញតំណភ្ជាប់ហិរញ្ញវត្ថុធនាគារប្រកបដោយសុវត្ថិភាព និងតម្លាភាព។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍របស់វិនិយោគិនកាណាដា ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា បរិយាកាសសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន គឺជាកាលានុវត្តភាពដ៏សមស្របសម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច។ ក្នុងន័យនេះ ការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ពិសេសការជំរុញ 'ការតភ្ជាប់ផ្នែកធនាគារ' (Banking Connectivity) គឺជាកិច្ចការអាទិភាពដ៏សំខាន់ ដើម្បីបង្កើនទំនុកចិត្តដល់វិនិយោគិន និងពង្រឹងភាពជាដៃគូយូរអង្វែងដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ជាទីបញ្ចប់ អ្នកឧកញ៉ាប្រធាន បានលើកទឹកចិត្តឱ្យធុរជននៃប្រទេសទាំងពីរ បន្តពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានស៊ីជម្រៅ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដែលមានស្រាប់។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តាមរយៈទូរស័ព្ទលេខ ០១២-៧៧៨៨៧៩ ឬ តាមរយៈអ៊ីម៉ែល mengtechnguon@ccc.org.kh ។

Share: