ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត រួមជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ។
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក រួមជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ នៃសេចក្ដីសម្រេចលេខ១៣២០០សសរ ចុះថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្ដីពីការចាត់តាំងដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលាប្រជុំសម្ដេចក្រឡាហោម ស ខេង ទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គស្នងការរង ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត លោក លោកស្រី រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom) មានសមាសភាពចូលរួមសរុប ៦០០៦រូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ និងចូលរួមតាមរយៈប្រព័ន្ធ Zoom ក្នុងកិច្ចប្រជុំនាថ្ងៃនេះគឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីជំរុញផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ ដោយមានគោលបំណង២ធំៗ គឺ៖
១.ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ មានឯកសារអត្តសញ្ញាណ (សំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ) ដើម្បីប្រើប្រាស់ ទាំងប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ
២.ជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៥ឆ្នាំ និងពលរដ្ឋខ្មែរដែលពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងពលរដ្ឋខ្មែរដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរខូចខាត បាត់បង់ អស់ ឬជិតអស់សុពលភាព ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតសម្រាប់ឆ្នាំ២០២៧ និងឆ្នាំ២០២៨។
ជាកិច្ចបន្ទាប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអានសេចក្ដីសម្រេចលេខ១៣២០០សសរ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នា២០២៥ របស់ក្រសួងមហាផ្ទៃ ស្ដីពីការចាត់តាំងក្រុមការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ ជូនដល់សមាជិក សមាជិកា នៃកិច្ចប្រជុំ។ ការផ្តល់ឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសារសំខាន់ណាស់ ព្រោះអត្តសញ្ញាណស្របច្បាប់ គឺជាមូលដ្ឋានគ្រឹះក្នុងការទទួលបានសិទ្ធិរស់រានមានជីវិត សិទ្ធិសង្គម សេដ្ឋកិច្ច និងសិទ្ធិបោះឆ្នោត និងទទួលបានសេវានានា រួមមាន សេវាអប់រំ សេវាសុខាភិបាល សេវាគាំពារសង្គម និងឱកាសការងារ។ ចក្ខុវិស័យនេះ គាំទ្រទាំងយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ផងដែរ។
ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
-Join Telegram
https://t.me/GDI_service_news
-Website
http://www.gdi.gov.kh/
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ
1271 ឬ017 898 915




















BECOME A MEMBER
