សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទី បង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទី បង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សិក្ខាសាលានាត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកពីការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្ត ផ.អ.យ.អ. ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ (២០២៣-២០២៤) ប៉ុន្តែជាការលើកកម្ពស់ការជជែកពិភាក្សា ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ និងកំណើននៃវិស័យអាទិភាពទាំងពីរនេះនាពេលខាងមុខ តាមរយៈកិច្ចពិភាក្សាដែលមានវាគ្មិនមកពីក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ លើប្រធានបទស្តីពី «ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្កើនការនាំចេញក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក»។
កិច្ចពិភាក្សានេះដែរត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីទទួលបានធាតុចូល និងអនុសាសន៍ចាំបាច់បន្ថែមទៀត ជាមូលដ្ឋានតម្រង់ទិសក្នុងការដាក់ចេញនូវវិធានការ និងយុទ្ធសាស្រ្តគន្លឹះថ្មីៗ សំដៅជំរុញការអភិវឌ្ឍវិស័យទាំងពីរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ព្រមទាំងពង្រីកភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ឆ្លើយតបទៅនឹងការប្រែប្រួលឥតឈប់ឈរនៃស្ថានភាពសេដ្ឋកិច្ចសកល។

















BECOME A MEMBER
