ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal)
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង ឧកញ៉ា លឹម តុង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឧកញ៉ា អ៊ុន យុទ្ធី សមាជិកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមដោយតំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា តំណាង CAPRED និងតំណាងវិស័យជននានាជាច្រើនរូប។
សូមជម្រាបជូនថា ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) គឺជាថ្នាលមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការចូលប្រើប្រាស់ ស្វែងរកព័ត៌មានដើម្បីទទួលបានការយល់ដឹង និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក។ ថ្នាលព័ត៌មាននេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករ អ្នកនាំចេញនាំចូល និងភាគីពាក់ព័ន្ធរួមមាន៖ (១). ទទួលបានការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក (២). ទទួលបានការយល់ដឹងពីស្ថានភាព និងនីតិវិធីនៃការនាំចេញ និង (៣). ការជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ថ្លែងក្នុងពិធីសម្ពោធនេះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development - CAPRED) ក្រុមការងារក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Cambodia FTA Portal) ដែលជាថ្នាលថ្មីស្រឡាងមួយបង្កើតឡើង ដែលអនុញ្ញាតឱ្យធុរជន វិនិយោគិន អ្នកនាំចេញ ផលិតករ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ អាចស្វែងរក និងជ្រើសយកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម/កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយ ដែលល្អសាកសមបំផុត ព្រមទាំងស្វែងយល់បន្ថែមនូវព័ត៌មានសំខាន់ៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក តាមរយៈមុខងារប្រៀបធៀបអត្រាពន្ធគយ និងវិធានដើមកំណើតទំនិញជាដើម ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធទាំងអស់នេះ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវដល់វិស័យឯកជនពាក់ព័ន្ធ ជាពិសេសអ្នកនាំចេញ ឲ្យប្រើប្រាស់ថ្នាលនេះឱ្យអស់លទ្ធភាព និងផ្សព្វផ្សាយបន្ថែមដល់សមាជិកសមាជិការបស់ខ្លួន ដើម្បីបញ្ចៀសនូវការបាត់បង់ផលប្រយោជន៍ដោយប្រការណាមួយ ព្រមទាំងអាចចូលរួមជាធាតុចូលបន្ថែមក្នុងករណីមានការខ្វះខាតដោយយថាហេតុផងដែរ។
ដើម្បីចូលប្រើប្រាស់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា
សូមចូលទៅកាន់តំណរភ្ជាប់៖ https://ftaportal.moc.gov.kh/km













BECOME A MEMBER
