កិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធដារ និងការត្រៀមរៀបចំវេទិការស្តីពី ពន្ធដារ
Meeting to Review and Discuss Challenges Related to Taxation and The Preparation of a Tax Forum Event.
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ វេលាម៉ោង ២:៣០នាទី, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសហប្រធាននៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន តំណាងផ្នែកឯកជន បានដឹកនាំសមាជិក សមាជិកជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា ចូលរួមសហដឹកនាំ ក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធដារ និងការរៀបចំវេទិការស្តីពីពន្ធដារ ដែលសហដឹកនាំដោយ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ និងជាសហប្រធាននៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន តំណាងផ្នែករដ្ឋាភិបាល។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំ និងវេទិការនេះគឺដើម្បី៖
១. ពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមសេសសល់ និងបញ្ហាប្រឈមនានាដែលស្នើឡើងដោយផ្នែកឯកជនពាក់ព័ន្ធនឹងសមត្ថកិច្ចពន្ធដារ
២. ត្រៀមសម្រាប់ការរៀបចំ "វេទិការស្តីពីពន្ធដារ" ដែលជាគំនិតផ្តួចផ្តើមរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្សព្វផ្សាយ និងជជែកពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងពន្ធដារ ក៏ដូចជាដើម្បីលើកកម្ពស់អនុលោមភាពសារពើពន្ធ និងជាពិសេសទទួលយក និងដំណោះស្រាយនូវបញ្ហាប្រឈមពីផ្នែកឯកជន។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា កិច្ចប្រជុំនៅថ្ងៃនេះគឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដែលតាមរយៈយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន បានដើរតួនាទីយ៉ាងសំខាន់ដែលផ្នែកឯកជនប្រើប្រាស់យន្តការនេះដើម្បីលើកឡើងនូវបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធដារ ដើម្បីស្នើសុំដំណោះស្រាយ ក្នុងន័យចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រទេសជាតិ។ បន្ថែមពីនេះ អ្នកឧកញ៉ាប្រធាន ក៏បានស្នើសុំឱ្យផ្នែកឯកជនខ្លួនឯងផ្ទាល់ ត្រូវធ្វើយ៉ាងណាការធ្វើធុរកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងនាមជាសហប្រធាននៃយន្តការភាពជាដៃគូ បង្កើតឱ្យមានគណៈកម្មការមួយ ដើរតួនាទីក្នុងការត្រួតពិនិត្យលើកែធ្វើកំណែទម្រង់ និងវិសោធនកម្មច្បាប់ទាក់ទងនឹងពន្ធដារ ក្នុងន័យធ្វើយ៉ាងណាទាក់ទាញបន្ថែមទៀតអ្នកវិនិយោគចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។
គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បញ្ហាប្រឈមក្នុងវិស័យពន្ធដារដែលផ្នែកឯកជនបានលើកឡើងសរុបមានចំនួន ៥៦។ ក្នុងនោះបញ្ហាទាំងនោះមិនបានរាប់បញ្ចូលវិធានការទាំង ៥៦ ដែលបានដោះស្រាយរួចរាល់កាលពីឆ្នាំ២០២៤ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នោះទេ។
គួរបញ្ជាក់បន្ថែមថា ការរៀបចំវេទិកានេះនឹងក្លាយជាយន្តការមួយថ្មី ដើម្បីបំពេញបន្ថែមទៀតពីលើយន្តការនៃកិច្ចសហការជាមួយវិស័យឯកជន និងអ្នកជាប់ពន្ធដែលកំពុងអនុវត្តស្រាប់ជាធរមាន។ ក្នុងន័យនេះ បន្ទាប់ពីមានការរៀបចំ “វេទិកាស្តីពីពន្ធដារ-Tax Forum” យន្តការសហការជាមួយអ្នកជាប់ពន្ធពាក់ព័ន្ធនឹងពន្ធដារជាធរមានក៏មានផងដែរ រួមមាន៖
១. យន្តការ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម “ឃ”) នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ដែលជាក្រុមការងារសម្រួលដល់ក្រុម “ឃ” ជាយន្តការទទួល ពិភាក្សា និងដោះស្រាយ បញ្ហាប្រឈម និងការស្រាយបំភ្លឺចំណុចនានាពាក់ព័ន្ធនឹងពន្ធដារកម្រិតបច្ចេកទេសជូនដល់សហគ្រាសជាអ្នកជាប់ពន្ធធំ ឬអ្នកជាប់ពន្ធមធ្យម ដែលយន្តការនេះត្រូវឆ្លងកាត់កិច្ចពិភាក្សានិងដោះស្រាយដោយលក្ខណៈ
បច្ចេកទេស
២.យន្ដការ “វេទិកាស្តីពីពន្ធដារ-Tax Forum” ជាយន្តការលើកកម្ពស់ការ យល់ដឹង និងការផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងពន្ធដារ ជូនអ្នកជាប់ពន្ធពីគ្រប់ស្រទាប់ទាំងអស់ ដែលរួមមាន សហគ្រាសអាជីវកម្ម, សហគ្រាសអ្នកជាប់ពន្ធតូចនិងមធ្យម, សហគ្រាសមីក្រូ, សហគ្រាសស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, និងរូបវន្តបុគ្គលដែលជាប្រជាពលរដ្ឋទូទៅ ពោលគឺជាយន្តការផ្សព្វផ្សាយ អប់រំលក្ខណៈទូលាយ។
កម្មវិធីនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៨:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc























BECOME A MEMBER
