កម្មវិធី វេទិកាគយកម្ពុជា លើកទី៣
3rd Cambodia Customs Forum
ភ្នំពេញ៖ នាព្រឹកថៃ្ងសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាជាតិគយ វេលាម៉ោង ៨:៣០ នាទី មានរៀបចំកម្មវិធី វេទិកាគយកម្ពុជា លើកទី៣ ក្រោមមូលបទ "រដ្ឋបាលគយក្នុងបរិបទបច្ចេកវិទ្យាឌីជីថល" ក្រោមអធីបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងវត្តមាន ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ។ កម្មវិធីដ៏មានសារៈសំខាន់នេះក៏មានការចូលរួមផងដែរពីសំណាក់មន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តំណាងក្រុមហ៊ុនឯកជន សមាគម, ធុរជន, ពាណិជ្ជករជាតិ និងអន្តរជាតិ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
វេទិការនេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃឌីជីថលូបនីយកម្មនីតិវិធីគយ និងការផ្តល់សេវាសាធារណៈ ដើម្បីបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម អនុលោមភាព និងបរិយាកាសធុរកិច្ចនៅកម្ពុជា ក៏ដូចជាផ្ដល់ឱកាសជជែកពិភាក្សា និងផ្តល់មតិលើការអនុវត្តជាក់ស្តែងផងដែរ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានមានប្រសាសន៍ថា កម្មវិធី វេទិកាគយកម្ពុជាលើកទី៣ នេះគឺពិតជាមានសារៈសំខាន់ ជាពិសេសសម្រាប់ផ្នែកឯកជនដែលវិនិយោគិន ធុរជន និងពាណិជ្ជករជាតិ និងអន្តរជាតិ ដើម្បីបានទទួលជ្រាបអំពីការវិវឌ្ឍន៍ថ្មីនៃនីតិវិធីគយ សម្រាប់បម្រើឱ្យការធ្វើពាណិជ្ជកម្មនាំចេញ នាំចូលរបស់ផ្នែកឯកជន។
ឆ្លៀតនៅក្នុងឱកាសនោះ អ្នកឧកញ៉ា ក៏បានធ្វើការកោតសរសើរជូនចំពោះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ ដែលនៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង និងបានធ្វើការកែសម្រួល និងសាមញ្ញកម្មនីតិវិធីគយយ៉ាងច្រើន ក្នុងន័យបង្កើតបរិយាកាសងាយស្រួលដល់អ្នកវិនិយោគិនក្នុងការធ្វើប្រិតបត្តិការនាំចេញ នាំចូលរបស់ខ្លួន។
អ្នកឧកញ៉ា បានបន្ថែមថា វេទិការនៅថ្ងៃនេះក៏បានបញ្ជាក់ឱ្យឃើញអំពីការសហការគ្នាយ៉ាងល្អរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាដែលតំណាងឱ្យវិស័យឯកជន។ អ្នកឧកញ៉ា បានធ្វើការអំពាវនាវដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាពិសេសមន្ត្រីគយនៅតាមមាត់ច្រក ត្រូវធ្វើយ៉ាងណាសម្រួលនីតិវិធីបែបបទឯកសារឱ្យបានលឿន រហ័ស និងមានប្រសិទ្ធិភាព ដើម្បីបង្ករភាពងាយស្រួលបន្ថែមទៀតដល់ការនាំចេញ នាំចូលរបស់ផ្នែកឯកឯកជនដែលជាវិនិយោគិន។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏ស្នើសុំឱ្យផ្នែកឯកជនខ្លួនឯងផ្ទាល់ត្រូវមានការយកចិត្តទុកដាក់ និងធ្វើការសហការគ្នាឱ្យបានល្អជាមួយនឹងមន្ត្រីគយ ក្នុងន័យបង្កើនប្រសិទ្ធិភាពនាំចេញ នាំចូល ធ្វើយ៉ាងណាជួយដល់ប្រទេសជាតិឱ្យបានរីកចម្រើន។
ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីនេះ ដែលជាយន្តការបញ្ជ្រាបការយល់ដឹងបន្ថែមអំពីនីតិវិធីគយ និងបង្កើនកិច្ចសហការរវាងរដ្ឋបាលគយ និងផ្នែកឯកជន ដើម្បីរួមគ្នាលើកស្ទួយវប្បធម៌ការបង់ពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ទិសដៅក្លាយជារដ្ឋបាលគយឌីជីថល គឺជាការចាំបាច់ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាននិងកំពុងជំរុញអនុវត្តឱ្យបានជោគជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូបានសង្ខេបអំពីវឌ្ឍនភាពសំខាន់ៗរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានាពេលថ្មីៗនេះ លើការធ្វើបរិវត្តកម្មឌីជីថលនីតិវិធីគយនិងការផ្តល់សេវាសាធារណៈ និងការអនុវត្តវិធានការចំនួន ១៤ចំណុច ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ដែល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។
កម្មវិធីនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc



















BECOME A MEMBER
