សិក្ខាសាលាស្តីអំពី ការដាក់ឱ្យប្រើប្រាស់សាកល្បងលើថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងមុខងារពាក់ព័ន្ធ
Workshop on Cambodia FTA Portal Functional Review and User Acceptance Test.
ភ្នំពេញ៖ នាព្រឹកថៃ្ងច័ន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋារគារ Fairfield by Marriott Phnom Penh វេលាម៉ោង ៨:០០ នាទី, ឧកញ៉ាបណ្ឌិត ស៊ីន ចន្ធី សហប្រធានក្រុមការងារបច្ចេកទេសទី១ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីអំពី ការដាក់ឱ្យប្រើប្រាស់សាកល្បងលើថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងមុខងារពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ប៉ូល ខែវ នាយកកម្មវិធីនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់មន្រ្តីពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម, ក្រុមការងារនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), តំណាងក្រុមហ៊ុនឯកជន សមាគម និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសអំណោយផល ក៏ដូចជាឱកាសសម្រាប់ការធ្វើពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មបាននឹងកំពុងរៀបចំអភិវឌ្ឍន៍ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal) ដែលជាថ្នាលមួយបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការចូលប្រើប្រាស់ ស្វែងរកព័ត៌មានដើម្បីទទួលបានការយល់ដឹង និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាសមាជិក។
តាមរយៈថ្នាលនេះ ពាណិជ្ជករ អ្នកនាំចេញនាំចូល និងភាគីពាក់ព័ន្ធនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ១. ជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ២. ទទួលបានការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីដែលកម្ពុជាជាសមាជិក និង ៣. ទទួលបានការយល់ដឹងពីស្ថានភាព និងនីតិវិធីនៃការនាំចេញ។ បន្ថែមពីលើនេះផងដែរ មុខងារសំខាន់ៗនៃថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះរួមមាន៖ ១. មុខងារប្រៀបធៀបតារាងអាត្រាពន្ធគយ និងវិធានដើមកំណើតទំនិញ, ២. មុខងារព័ត៌មានពាណិជ្ជកម្ម និង ៣. មុខងារគោលការណ៍ណែនាំការធ្វើពាណិជ្ជកម្ម។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះគឺជាការរៀបចំដោយក្រសួងពាណិជ្ជកម្ម សហការផ្តល់មូលនិធិដោយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) នៃរដ្ឋាភិបាលអូស្រ្តាលី។
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc









BECOME A MEMBER
