សន្និសីទស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជា-ជប៉ុន
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាធ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន រៀបចំសន្និសីទស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជា-ជប៉ុន នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍
ដ៏សំខាន់នេះជួយពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងជប៉ុន ដោយផ្តោតជាពិសេសលើ ការផ្លាស់ប្តូរឌីជីថល គំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង និងបច្ចេកវិទ្យាអវកាស។
ពិធីបើកសន្និសីទ បានរំលេចអំពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ។ វាគ្មិនកិត្តិយសដែលអញ្ជើញចូលរួមសន្និសីទនេះ រួមមាន៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ានសម្រាប់កម្ពុជា លោក ណូប៊ូតាកា ម៉ាអិកាវ៉ា (Nobutaka Maekawa) អនុប្រធានប្រតិបត្តិនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និង ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ ទន្ទឹមនឹងនេះ ក៏មានការថ្លែងសុន្ទរកថាដោយ ឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណុ (Ueno Atsushi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
និងសុន្ទរកថាគន្លឹះដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ក្នុងឱកាសនៃកម្មវិធីនេះ ក៏មានការប្រគល់ផែនទីរបស់ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA)ប្រគល់ជូនក្រសួងបរិស្ថានផងដែរ។