ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបសម្តែងការគួរសម និងសុំអនុសាសន៍ត្រៀមរៀបចំសិក្ខាសាលាជាតិស្ដីពី “ការលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម តាមរយៈពាណិជ្ជកម្មឆ្លងដែន៖ ការជំរុញការប្រកួតប្រជែងរបស់សហគ្រាសក្រោយពីវិបិត្តជំងឺកូវីដ-១៩”

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបស្វាគមន៍សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងការប្រកួតប្រជែងពាណិជ្ជកម្មសម្រាប់ទំនិញ និងសេវាកម្ម៖ បញ្ហា និងយុទ្ធសាស្រ្តក្រោយវិបត្តិជំងឺរាតត្បាតជាសកល។ គួរជម្រាបផងដែរថា ក្រុមសិក្ខាកាមខាងលើ ដែលអញ្ជើញមកពីស្ថាប័នរដ្ឋ និងឯកជន បានទទួលការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញស្ដីពី “ការពង្រឹងភាពប្រកួតប្រជែងពាណិជ្ជកម្មសម្រាប់ទំនិញ និងសេវាកម្ម៖ បញ្ហា និងយុទ្ធសាស្រ្តក្រោយវិបត្តិជំងឺរាតត្បាតជាសកល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-២០ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ក្រោមការគាំទ្រ និងសហការដោយវិទ្យាស្ថានមេគង្គកម្ពុជា និងមូនិធិកិច្ចសហប្រតិបត្តិការពិសេសឡាងកាង-មេគង្គ។

ជំនួបនេះ ត្រូវបានធ្វើឡើងតបតាមការស្នើសុំពីក្រុមសិក្ខាកាមខាងលើ ដើម្បីសម្ដែងការគួរសមចំពោះឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងដើម្បីជម្រាបជូនឯកឧត្តមឧកញ៉ាអគ្គនាយក អំពីការត្រៀមរៀបចំសិក្ខាសាលាជាតិស្ដីពី “ការលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម តាមរយៈពាណិជ្ជកម្មឆ្លងដែន៖ ការជំរុញការប្រកួតប្រជែងរបស់សហគ្រាសក្រោយពីវិបិត្តជំងឺកូវីដ-១៩” ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសាលប្រជុំអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ លើសពីនេះ ក្រុមសិក្ខាកាមក៏បានស្នើរសុំការគាំទ្រ និងកិច្ចសហការពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំសិក្ខាសាលាខាងលើ ព្រមទាំងអញ្ជើញឯកឧត្តមឧកញ៉ាអគ្គនាយក ធ្វើជាអធិបតី និងថ្លែងសុន្ទរកថាបើក និងបិទ ក្នុងសិក្ខាសាលានេះផងដែរ។ សូមជម្រាបផងដែរថា សិក្ខាសាលាជាតិដែលគ្រោងនឹងរៀបចំក្នុងពេលខាងមុខនេះ នឹងផ្ដោតលើប្រធានបទសំខាន់ៗដូចជា ១. ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ២. ការប្រកួតប្រជែង ៣. ការត្រួតពិនិត្យរបស់គយ និង ៤. ភស្តុភារកម្ម និងការដឹកជញ្ជូន។

ជាកិច្ចឆ្លើយតប ឯកឧត្តមឧកញ៉ាអគ្គនាយក បានសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រ និងសហការរៀបចំសិក្ខាសាលានេះឱ្យលេចជារូបរាងឡើង ដើម្បីជាប្រយោជន៍ និងចែករំលែកចំណេះដឹងដល់សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុន និងអាជីវកម្មនានា ដែលបាននឹងកំពុងទទួលរងផលប៉ះពាល់នៃវិបត្តិជំងឺរាតត្បាតជាសកលនេះ។ ឯកឧត្តមឧកញ៉ាអគ្គនាយក ក៏បានឯកភាពចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើក និងបិទ ក្នុងសិក្ខាសាលានេះផងដែរ។ ឯកឧត្តមឧកញ៉ាអគ្គនាយក សង្ឃឹមថាសិក្ខាសាលានេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការធ្វើពាណិជ្ជកម្មឆ្លងដែន ក្រោយវិបត្តិជំងឺកូវីដ-១៩។

ចែករំលែក: