ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការ ស្វាគមន៍លោកអ្នកមកកាន់គេហទំព័រផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជា (www.ccc.org.kh)។ លោកអ្នកនឹងទទួលបានព័ត៌មានដ៏មានសារៈប្រយោជន៍ពាក់ព័ន្ធនឹងធុរកិច្ច និងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ គេហទំព័រនេះ ផ្តល់ជូននូវព័ត៌មានបច្ចុប្បន្នភាព ស្ដីពីច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងព្រឹត្តិការណ៍ធុរកិច្ចជាទៀងទាត់។ សភាពាណិជ្ជកម្ពុជា គឺជាច្រកទ្វាចូលទៅកាន់បណ្ដុំព័ត៌មានពាណិជ្ជកម្មយ៉ាងស៊ីជ្រៅក្នុងស្រុក។ យើងខ្ញុំ ផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការសម្របសម្រួលរាល់សំណើរបស់អស់លោកអ្នក។ លេខាធិការដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់ជូននូវព័ត៌មានមានវិសាលភាពទូលំទូលាយ ពាក់ព័ន្ធនឹងនិន្នាការធុរកិច្ច ការអភិវឌ្ឍ ការធ្វើបច្ចុប្បន្នភាពលើវិស័យពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សកម្មភាពសេវាកម្មនានារបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សភាពាណិជ្ជកម្មកម្ពុជា គឺជាសភាពាណិជ្ជកម្មថ្នាក់ជាតិតែមួយគត់និងដំបូងបង្អស់ ក្នុងការតំណាងការពារផលប្រយោជន៍ដល់វិស័យឯកជន។ អនុលោមតាមអនុក្រឹត្យលេខ១៦
អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ដីពី ការរៀបចំនិងការប្រព្រឹត្ដិរបស់សភាពាណិជ្ជកម្ម កម្ពុជា ភារកិច្ចសំខាន់របស់សភាពាណិជ្ជកម្មកម្ពុជា គឺជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល និងផ្តល់យោបល់ស្តីពីព័ត៌មានសេដ្ឋកិច្ច និងវិនិយោគ។ សភាពាណិជ្ជកម្មកម្ពុជា គឺជាលេខាធិការដ្ឋាន នៃក្រុមការងារផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាយន្តការដ៏ជោគជ័យបំផុតមួយក្នុងពិភពលោក សម្រាប់ការអភិវឌ្ឍក្នុងវិស័យឯកជន។ ស្ថិតនៅក្នុងក្របខណ្ឌនៃវេទិកានេះ ច្បាប់និងបទប្បញ្ញត្ដិជាច្រើនត្រូវបានធ្វើវិសោធនកម្ម ដើម្បីបង្កភាពងាយស្រួល និងល្អប្រសើរសម្រាប់កិច្ចការធុរកិច្ច និងការវិនិយោគ។ ទន្ទឹមនឹងនេះផងដែរ សភាពាណិជ្ជកម្មកម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ ដើម្បីតភ្ជាប់កម្ពុជាជាមួយពិភពលោក។ គិតមកត្រឹមខែឧសភា ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការបានចំនួន ១៣០ ជាមួយដៃគូនៅទូទាំងតំបន់ និងពិភពលោក។ សភាពាណិជ្ជកម្មកម្ពុជា ចូលរួមសហការយ៉ាងសកម្មជាមួយ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមប្រឹក្សាអាស៊ីខាងកើត ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ ក្រុមប្រឹក្សាធុរកិច្ចអេកមិច ក្រុមប្រឹក្សាធុរកិច្ចមេគង្គឡាងឆាង ក្រុមប្រឹក្សាធុរកិច្ចមេគង្គកូរ៉េ ក្រុមប្រឹក្សាធុរកិច្ចអាស៊ានកូរ៉េ និងបណ្តាផលិតករអាស៊ាន។ល។
យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកអ្នកនឹងរីករាយក្នុងការប្រើប្រាស់គេហទំព័ររបស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដ៏សម្បូរបែបពីគេហទំព័រមួយនេះ។
សភាពាណិជ្ជកម្មកម្ពុជា រង់ចាំស្វាគមន៍ធុរជន និងវិនិយោគិន ទូទាំងពិភពលោក មកស្វែងរកកាលានុវត្តភាពនៅកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង
ប្រធានសភាពាណិជ្ជកម្មកម្ពុជា