ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ទិវាសហគ្រិនភាពកម្ពុជា ២០២៦ និងពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាអាណត្តិទី៧

(រាជធានីភ្នំពេញ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «ទិវាសហគ្រិនភាពកម្ពុជា ២០២៦» និង «ពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាអាណត្តិទី៧» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី (Hyatt Regency Phnom Penh)។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរដ្ឋ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ ព្រមទាំងម្ចាស់សហគ្រាស និងសហគ្រិនជាច្រើនរូប។
ក្នុងឱកាសនោះ ក៏មានការរៀបចំពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាអាណត្តិទី៧ ជូន ឧកញ៉ា ស គីណាល់ ដែលជាប្រធានសមាគមអាណត្តិទី៧ ផងដែរ។ ហើយពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយអត្ថន័យ។
សូមជម្រាបជូនថា ទិវាសហគ្រិនភាពកម្ពុជា គឺជាផ្នែកមួយនៃ «សប្តាហ៍សហគ្រិនភាពសកល (Global Entrepreneurship Week)» ដែលមានគោលបំណងលើកកម្ពស់ស្មារតីសហគ្រិនភាព ពង្រឹងការយល់ដឹងអំពីតួនាទីនៃនវានុវត្តន៍ និងជំរុញការអភិវឌ្ឍសហគ្រាស និងអាជីវកម្មនៅកម្ពុជា ឱ្យកាន់តែមានភាពធន់ និងរីកចម្រើនប្រកបដោយចីរភាព។
ការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងកម្មវិធីនេះ បានបង្ហាញពីការគាំទ្រ និងការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍវិស័យសហគ្រិនភាព ការលើកកម្ពស់សហគ្រិនវ័យក្មេង និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងមានចីរភាព។

ចែករំលែក: