(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន"ក្រុម ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការ នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា រឿន ប៊ុនហេង សហប្រធានអនុក្រុមការងារ "ខ" "ផ្នែកកិច្ចសម្រួលពាណិជ្ជកម្មលើសេវាពាណិជ្ជកម្ម ការចុះបញ្ជីពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញា" តំណាង ឧកញ៉ាបណ្ឌិត គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឆ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ "ឆ" តំណាងផ្នែកឯកជន, តំណាងគ្រឹះស្ថានសមាគមឯកជន, តំណាងក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាសមាជិកនៃក្រុមការងារ "ឆ" ផ្នែកឯកជន ជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖
១. ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តី កិច្ចសន្យាពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម
២. បន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យផលិតកម្មកែច្នៃសម្រាប់ការ នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងពាណិជ្ជកម្មនាពេលខាងមុខនេះ។
ចំពោះការពិនិត្យ ពិភាក្សាលើប្រមូលបញ្ហាប្រឈមរបស់ផ្នែកឯកជន ទទួលបានបញ្ហាមួយចំនួនរួមមាន៖ ១. សំណើសុំបង្កើតការិយាល័យដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិ, ២. បញ្ហាជាប់គាំងផ្នែក ហិរញ្ញវត្ថុបម្រើឱ្យផលិតកម្មកែច្នៃសម្រាប់ការនាំចេញ, ៣. បញ្ហាដំណើរការនៃការចុះបញ្ជីពាណិជ្ជកម្ម រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៦:០០នាទីល្ងាច ក្រោមបរិយាកាសយោគ យល់គ្នា និងលទ្ធផលជាផ្លែផ្កា។








ចូលជាសមាជិក
