នាថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាងឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចប្រជុំធុរកិច្ចឥណ្ឌា-កម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម លើកទី៦ ឆ្នាំ២០២០ តាមប្រព័ន្ធវីឌីអូ ដោយកិច្ចប្រជុំនេះពិភាក្សាលើប្រធានបទការពង្រឹងកិច្ចសហប្រតិបត្តការទ្វេភាគី កម្ពុជា-ឥណ្ឌា។ ឯកឧត្ដម បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ក៏ដូចជា កិច្ចសហការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា ជាមួយ ស្ថាប័នពាណិជ្ជកម្មនានារបស់ឥណ្ឌា។ លើសពីនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងកម្ពុជា-ឥណ្ឌាឱ្យកាន់តែប្រសើរឡើង ឯកឧត្ដម បានស្នើឱ្យមាន ៖
១.ការលើកកម្ពស់ការយល់ដឹង និង ផ្សព្វផ្សាយ អំពីវិស័យសក្កដានុពលដល់ធុរជនកម្ពុជា-ឥណ្ឌា
២.ការពង្រឹងទំនុកចិត្តក្នុងការធ្វើធុរកិច្ចទៅវិញទៅមក តាមរយ:តួនាទីរបស់សភាពាណិជ្ជកម្ម និង ស្ថានទូតទាំងពីរប្រទេស ដែលជាស្ពានតភ្ជាប់រវាងវិនិយោគិននិងធុរជន
៣.ការគាំទ្រ និង ជំរុញការផ្សព្វផ្សាយ អំពីគម្រោងវិនិយោគរួមដែលទទួលបានជោគជ័យនៅកម្ពុជានាពេលកន្លងមក ដើម្បីទាក់ទាញធុរកិច្ច និងការវិនិយោគបន្ថែម
៤.ការកំណត់ឲ្យមានមន្ត្រីបង្គោលនៅគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលមានតួនាទីសម្របសម្រួលកិច្ចការវិនិយោគនិងធុរកិច្ច កម្ពុជា-ឥណ្ឌា និងជួបប្រជុំជាប្រចាំ ដើម្បីអាចឆ្លើយតបទាន់ពេលវេលាចំពោះសំណើនានារបស់ធុរជន។
ឯកឧត្ដម ក៏បានស្នើដល់វិនិយោគិនឥណ្ឌាបន្តវិនិយោគនៅកម្ពុជាលើវិស័យនានា និង ស្នើរដ្ឋាភិបាលប្រទេសទាំងពីរ បន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងនិងទន់ ដើម្បីជួយជំរុញដល់ការធ្វើធុរកិច្ច-វិនិយោគ និងបន្តផ្ដល់ការគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍធនធានមនុស្ស។