ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បន្តចុះទស្សនកិច្ចកសិដ្ឋានឆ្លាតវៃបាគង (Bakong Smart Farm) ដើម្បីស្វែងយល់ពីសក្តានុពលវិស័យកសិកម្មទំនើប និងការប្រើប្រាស់បច្ចេកទេសក្នុងផលិតកម្មកសិកម្ម

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានបន្ដចុះទស្សនកិច្ចនៅកសិដ្ឋានឆ្លាតវៃបាគង ក្នុងស្រុកបាគង ខេត្តសៀមរាប ដើម្បីស្វែងយល់ពីសក្តានុពលនៃវិស័យកសិកម្មទំនើប ការអនុវត្តបច្ចេកទេសទំនើបក្នុងដំណើរការផលិតកម្មកសិកម្ម ព្រមទាំងការគ្រប់គ្រងធនធាន និងការអភិវឌ្ឍផលិតកម្មកសិកម្មប្រកបដោយប្រសិទ្ធភាព និងចីរភាព។
កសិដ្ឋានឆ្លាតវៃបាគង គឺជាគំរូមួយនៃការអភិវឌ្ឍវិស័យកសិកម្មស្របតាមបរិបទបច្ចេកវិទ្យាទំនើប ដែលផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម និងការគ្រប់គ្រងកសិដ្ឋាន តាមរយៈការប្រើប្រាស់ចំណេះដឹង បច្ចេកទេស និងនវានុវត្តន៍កសិកម្ម។ ការអនុវត្តកសិកម្មឆ្លាតវៃមានសារៈសំខាន់ក្នុងការជួយសម្រួលដល់ការប្រើប្រាស់ធនធានឱ្យបានសមស្រប កាត់បន្ថយចំណាយផលិតកម្ម និងបង្កើនគុណភាព ព្រមទាំងទិន្នផលកសិកម្ម។
ជាមួយគ្នានេះ ការអភិវឌ្ឍកសិដ្ឋានឆ្លាតវៃក៏បង្ហាញពីសារៈសំខាន់នៃការរួមបញ្ចូលរវាងវិស័យកសិកម្ម និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម ដូចជា ការគ្រប់គ្រងទឹក ការប្រើប្រាស់ធនធានធម្មជាតិ ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មក្នុងស្រុក។
តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូមានឱកាសស្វែងយល់ពីបទពិសោធន៍ និងគំរូនៃការអភិវឌ្ឍវិស័យកសិកម្មដោយប្រើប្រាស់បច្ចេកទេសនើប ព្រមទាំងពិនិត្យមើលលទ្ធភាពក្នុងការជំរុញកិច្ចសហការរវាងវិស័យឯកជន សហគ្រិន និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម។
សូមបញ្ជាក់ផងដែរថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

ចែករំលែក: