រាជធានីភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន(APF) សូមគោរពអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃ «វេទិកាសហគ្រិនហ្វ្រង់កូហ្វូន» (La Rencontre des Entrepreneurs Francophones - REF 2026) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ វេទិកានេះគឺជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលត្រូវបានរៀបចំឡើងជាលើកដំបូងបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មូលបទនៃវេទិកានេះ គឺ«នវានុវត្តន៍៖ កាតាលីករសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនដែលមានចីរភាព និងសមាហរណកម្ម»។ វេទិកាសហគ្រិនហ្រ្វង់កូហ្វូនឆ្នាំ២០២៦ នឹងប្រមូលផ្តុំនាយកប្រតិបត្តិ ថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិន និងអ្នកតាក់តែងគោលនយោបាយជាង ១០០០ នាក់ មកពីជាង ៣០ ប្រទេស ដើម្បីប្រែក្លាយទំនាក់ទំនងការទូតពហុភាគី ឱ្យទៅជាទំហំពាណិជ្ជកម្មជាក់ស្តែង ការវិនិយោគជាយុទ្ធសាស្ត្រ និងភាពជាដៃគូធុរកិច្ច រវាងបណ្តាប្រទេសនិយាយភាសាបារាំង និងទីផ្សារអាស៊ានដ៏មានសក្តានុពល។
កម្មវិធីវេទិការយៈពេលបីថ្ងៃនេះ នឹងចាប់ផ្តើមនៅល្ងាចថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ជាមួយនឹងពិធីជប់លៀងទទួលស្វាគមន៍ ដែលរៀបចំឡើងដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយនឹងមតិស្វាគមន៍ពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង លោក អាមេត ស៊ីសសេ (Ahmed Cissé) ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF)។ វេទិកានឹងបន្តនៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយរួមបញ្ចូលទាំង មហាសន្និបាតសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន ជំនួបពាណិជ្ជកម្ម(B2B) លើវិស័យកសិឧស្សាហកម្ម ថាមពលបៃតង ភស្តុភារកម្ម ធនាគារឌីជីថល និងផ្សេងៗ ព្រមទាំងកិច្ចពិភាក្សាលើច្រករបៀងពាណិជ្ជកម្ម និងខ្សែច្រវាក់តម្លៃក្នុងតំបន់។ កម្មវិធីថ្ងៃសៅរ៍ នឹងបញ្ចប់ទៅដោយពិធីលៀងសាយភោជន៍ផ្លូវការ (Gala Dinner) និងពិធីប្រគល់តួនាទីជាម្ចាស់ផ្ទះរៀបចំវេទិកាសហគ្រិនហ្រ្វង់កូហ្រូន (REF) ជាផ្លូវការពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទៅកាន់ ឯកឧត្តមបណ្ឌិត ណាវីន រ៉ាមហ្គូឡាម (Navin Ramgoolam) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋម៉ូរីស។
វេទិកានេះនឹងបញ្ចប់ទៅនៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ដោយពេលព្រឹកនឹងមានកិច្ចពិភាក្សាទៅតាមវិស័យស្តីពីការវិនិយោគ និងសេដ្ឋកិច្ចឌីជីថល នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ មុននឹងបន្តទៅពិធីបើកជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ ពិធីបើកផ្លូវការនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដោយថ្នាក់ដឹកនាំទាំងពីរនឹងថ្លែងសុន្ទរកថាគន្លឹះគូសបញ្ជាក់ពីចក្ខុវិស័យសេដ្ឋកិច្ច ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងគំនិតផ្តួចផ្តើមវិនិយោគរយៈពេលវែង។ បន្ថែមពីនេះ ក៏នឹងមានការថ្លែងសុន្ទរកថាដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំង លោក អាមេត ស៊ីសសេ (Ahmed Cissé) ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន ផងដែរ។
អ្នកសារព័ត៌មាន អ្នកឆ្លើយឆ្លងព័ត៌មាន អ្នកថតរូប និងក្រុមការងារផ្សាយផ្ទាល់ ដែលមានបំណងចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍នេះ អាចចុះឈ្មោះជាមួយសភាពាណិជ្ជកម្មកម្ពុជាឲ្យបានមុនថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ សូមចុះឈ្មោះតាមរយៈ QR Code ឬ តំណភ្ជាប់ https://forms.gle/YnNT6fWBTvwxTtc79


ចូលជាសមាជិក
