កិច្ចប្រជុំផ្នែកឯកជន ស្តីពី “ការវាយតម្លៃ និងការផ្តល់ជាអនុសាសន៍ លើផលប៉ះពាល់ ក្នុងរយៈពេល ខ្លី មធ្យម និងវែង ពី ស្ថានការណ៍តានតឹងព្រំដែនកម្ពុជា-ថៃ” ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Meeting on the "Short-Medium-Long Term the Impact, Accessement & Recommendations on Cambodia-Thailand Border Tensions" Under the Goverment-Privatre Sector Forum (G-PSF)
————
នាព្រឹកថ្ងៃចន្ទ ៥កើត ខែអាសាធ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅអគារធនាគារ វីងថៅវើ ភ្នំពេញ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) តំណាងផ្នែកឯកជន បានដឹកនាំ សហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦ និងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាគម និងសភាពាណិជ្ជកម្ម-ធុរកិច្ច វិនិយោគ ជាតិ-អន្តរជាតិ ដែលមានភាពជាតំណាងរបស់ខ្លួននៅកម្ពុជា សម្រាប់ កិច្ចប្រជុំផ្នែកឯកជន ស្តីពី “ការវាយតម្លៃ និងការផ្តល់ជាអនុសាសន៍ លើផលប៉ះពាល់ ក្នុងរយៈពេល ខ្លី មធ្យម និងវែង ពី ស្ថានការណ៍តានតឹងព្រំដែនកម្ពុជា-ថៃ”។ កិច្ចប្រជុំនេះមានការចូលរួមមកពីគ្រប់ភាគីពាក់ព័ន្ធ សមាគមជាតិ អន្តរជាតិ សភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា សហប្រធានក្រុមការងារទាំងអស់ និងធុរជនធំជាច្រើនរូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សាលើបញ្ហាសំខាន់ ដើម្បីធ្វើការវាយតម្លៃពីបញ្ហាប្រឈម សំណើ និងសំណូមពរផ្សេងៗ ព្រមទាំងស្វែងរកចម្លើយជាយុទ្ធសាស្ត្រដែលសមស្រប និងបង្កើនកិច្ចសហការណ៍ផ្តល់ជាដំណោះស្រាយលើផលប៉ះពាល់កំពុងជួបប្រទះក្នុងកាលៈទេសៈនេះ។ អង្គប្រជុំបានលើកឡើងនូវបញ្ហា យោបល់សំខាន់ៗ រួមមាន៖ ១. វិបត្តិព្រំដែនកម្ពុជា-ថៃកំពុងបង្កការរាំងស្ទះដល់ពាណិជ្ជកម្ម ការធ្វើទេសចរណ៍ និងចរន្តពលកម្ម, ២. វិស័យមីក្រូហិរញ្ញវត្ថុ: ស្ថាប័នឥណទានខ្នាតតូច បានសម្គាល់ហានិភ័យប្រព័ន្ធ ប្រសិនបើពលករកម្ពុជានៅថៃ ត្រឡប់មកវិញហើយជួបការលំបាកក្នុងការសងបំណុល, ៣. ការរាំងស្ទះលំហូរពាណិជ្ជកម្ម បង្កឲ្យតម្លៃដើមបង្កើតរោងចក្រខ្ពស់ឡើងនៅក្បែរព្រំដែន ខណៈដែលការស្វែងរកអ្នកផ្គត់ផ្គង់ជំនួសនៅតែពិបាក, ៤.វិស័យទេសចរណ៍ គឺចរន្តទេសចរធ្លាក់ចុះយ៉ាងខ្លាំងនៅសៀមរាប និងភ្នំពេញ ដោយការស្វែងរកអន្តរជាតិចំពោះកម្ពុជាក៏បានធ្លាក់ចុះ ២០% ផងដែរ, ៥. ខ្សែសង្វាក់ផ្គត់ផ្គង់កំពុងមានការបត់បែន ដែលធ្វើឲ្យក្រុមហ៊ុនផលិតអាហារកម្ពុជាកំពុងបង្កើនផលិតកម្ម ជាពិសេសសំរាប់សម្រាប់ទីផ្សារម៉ាឡេស៊ី និងវៀតណាម ដើម្បីក្លាយជាដៃគូផ្គត់ផ្គង់។ ប្រទេសកាណាដាក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មក្នុងទីផ្សារកម្ពុជា, ៦. វិស័យកសិកម្ម: បញ្ហាជីកសិកម្ម និងការផ្លាស់ប្តូរដោយរហ័សនៃប្រភពផ្គត់ផ្គង់អាចគំរាមកំហែងសន្តិសុខអាហារ និងបានពិភាក្សាលើវិស័យផ្សេងៗជាច្រើនទៀត ផងដែរ។
កិច្ចប្រជុំពិភាក្សានេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១២ ថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា ទទួលលទ្ធផលជាផ្លែផ្ការ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc