ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូធុរកិច្ចស្រីលង្កា

ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូធុរកិច្ចស្រីលង្កា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់

ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចស្រីលង្កា ដែលដឹកនាំដោយ លោក ទីឡាក ហ្គូណាវ៉ាដាណា (Tilak Gunawardana) អនុប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចស្រីលង្កា-មេគង្គនៃសភាពាណិជ្ជកម្មស៊ីលុន (Ceylon Chamber of Commerce)។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់ទៅលើការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ពិសេសគឺលើវិស័យសក្តានុពលរួម៖ កម្មន្តសាល ភស្តុភារ សំណង់និងអចលនទ្រព្យ ថាមពល និង ទេសចរណ៍ និងសេវាកម្ម។

នៅក្នុងជំនួបពិភាក្សានោះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ពី តួនាទីដ៏សំខាន់របស់វិស័យឯកជន ដែលជាកម្លាំងចលករសេដ្ឋកិច្ចក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។ អ្នកឧកញ៉ាប្រធានបានជំរុញឲ្យធុរជនទាំងពីរប្រទេស ចាប់យកកាលានុវត្តភាពធុរកិច្ច និងពិនិត្យលទ្ធភាពសហប្រតិបត្តិការរួមគ្នា។ ក្នុងនោះ ធុរជនស្រីលង្កា អាចទាញយកប្រយោជន៍ពីស្ថិរភាពសេដ្ឋកិច្ចកម្ពុជា និងទីផ្សារកម្ពុជា ដែលជា ច្រកទ្វារទៅកាន់អាស៊ាន។ ចំណែកឯ ធុរជនកម្ពុជា អាចទាញយកប្រយោជន៍ពីចំណុចខ្លាំងរបស់ស្រីលង្កាខាង ផ្នែកសេវាកម្ម និងជា ច្រកទ្វារទៅកាន់បណ្តាញពាណិជ្ជកម្មមហាសមុទ្រឥណ្ឌា។ ជាមួយគ្នានេះ អ្នកឧកញ៉ាប្រធានបានសង្កត់ធ្ងន់ពីកំណើនសេដ្ឋកិច្ច និងសក្តានុពលកម្ពុជាលើគ្រប់វិស័យ រួមទាំងកម្មន្តសាល សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ អ្នកឧកញ៉ាប្រធាន ក៏បានស្នើដល់ក្រុមប្រឹក្សាធុរកិច្ចស្រីលង្កា-មេគង្គ ជំរុញក្រុមហ៊ុនអាកាសចរណ៍ស្រីលង្កា ពិនិត្យលទ្ធភាពបើកការហោះហើរត្រង់ ពីទីក្រុងកូឡុំបូ មកកាន់រាជធានីភ្នំពេញ ដែលនឹងជួយជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

លោក ទីឡាក ហ្គូណាវ៉ាដាណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូស្រីលង្កា។ លោកបានបញ្ជាក់ថា គណៈប្រតិភូស្រីលង្កាមានបំណងសិក្សាស្វែងយល់ពីសេដ្ឋកិច្ច វិស័យសក្តានុពល និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។ លោកបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងសំឡឹងឃើញលទ្ធភាពសហប្រតិបត្តិការលើច្រើនវិស័យ។ លោកបានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មស៊ីលុន ជាសភាពាណិជ្ជកម្មដែលមានវ័យចំណាស់ជាងគេមួយនៅស្រីលង្កា ដែលមានតួនាទីជំរុញ និងសម្របសម្រួលពាណិជ្ជកម្មនិងវិនិយោគទូទាំងពិភពលោក។ ក្នុងន័យនេះ លោកបាន អញ្ជើញ អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅស្រីលង្កា នាពេលអនាគតដ៏សមស្រប។

អំពីសភាពាណិជ្ជកម្មកម្ពុជា៖ សភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ដើម្បីតំណាងឲ្យផលប្រយោជន៍របស់វិស័យឯកជន នៅក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងកសិកម្មទូទាំងប្រទេសកម្ពុជា។

អំពីក្រុមប្រឹក្សាធុរកិច្ច ស្រីលង្កា – មេគង្គ៖ ក្រុមប្រឹក្សាធុរកិច្ច ស្រីលង្កា – មេគង្គនៃសភាពាណិជ្ជកម្មស៊ីលុន (Ceylon Chamber of Commerce) ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ និងពង្រឹងចំណងទាក់ទងផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសស្រីលង្កា និងតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម)។

ចែករំលែក: