(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, ឯកឧត្តមវេជ្ជបណ្ឌិតបណ្ឌិត ជិន សំណាង សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិកពាក់ព័ន្ធនៃសភាពាណិជ្ជកម្មកម្ពុជាចូលរួមក្នុង ពីធីបើកវេទិកាថ្នាក់ជាតិស្តីពី "លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)" ដែលជាការសហការរៀបចំដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ពិធីនេះប្រព្រត្តឹទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ
អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានធនាគារ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងវិស័យឯកជនសរុបប្រមាណ ៥០០រូប។
វេទិការថ្នាក់ជាតិនេះមានគោលបំណងចម្បងៗគឺ៖
- ផ្តល់ព័ត៌មាន និងចំណេះដឹង ដល់ MSMEs អំពីនីតិវិធីនៃការស្នើសុំឥណទាន ការគ្រប់គ្រងប្រវត្តិ ឥណទាន និងរបៀបក្នុងការទទួលបានហិរញ្ញប្បទាន
- ពង្រឹងសមត្ថភាព និងការត្រៀមលក្ខណៈ រួចរាល់របស់ MSMEs ក្នុងការរៀបចំឯកសារស្នើសុំ និង ការវាយតម្លៃឥណទាន ឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា និង
- បង្កើតវេទិកាពិភាក្សា និងការតភ្ជាប់បណ្តាញ រវាងធនាគារ ARDB ធនាគារពាណិជ្ជពាក់ព័ន្ធ និង MSMEs ក្នុងការស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនៃលទ្ធភាពទទួលបានហិរញ្ញប្បទាន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា វេទិកាជាតិនេះ គឺជាស្ពានចម្លងដ៏សំខាន់ក្នុងការតភ្ជាប់រវាង «ផ្នែកផ្គត់ផ្គង់ហិរញ្ញប្បទាន» (គ្រឹះស្ថានហិរញ្ញវត្ថុរដ្ឋ និងឯកជន) និង «ផ្នែកតម្រូវការ» (MSMEs)។ ការតភ្ជាប់នេះ គឺចាំបាច់ណាស់ដើម្បីលើកកម្ពស់ឱកាសហិរញ្ញប្បទានដែលមានបរិយាបន្ន ភាពបត់បែន និងងាយស្រួលទទួលបាន ដែលអាចឱ្យអាជីវកម្មនានាបង្កើនសមត្ថភាពប្រកួតប្រជែង ទ្រទ្រង់ប្រតិបត្តិការ និងពង្រឹងសកម្មភាពសេដ្ឋកិច្ចជាតិ។
ឯកឧត្តមបានបន្ថែមថា វេទិកានេះផ្តល់ឱកាសដ៏មានតម្លៃក្នុងការផ្លាស់ប្តូរទស្សនៈចែករំលែកបទពិសោធន៍ និងពង្រឹងការសម្របសម្រួលគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការរបស់ MSMEs បានទាន់ពេលវេលា។ ជាពិសេសជួយឱ្យ MSMEs ត្រៀមខ្លួនបានកាន់តែល្អប្រសើរក្នុងការកៀរគរទុន មិនត្រឹមតែតាមរយៈធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈទីផ្សារមូលធនផងដែរ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា MSMEs គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយបានរួមចំណែកប្រមាណ ៦៣% នៃ GDP និងស្រូបយកកម្លាំងពលកម្មរហូតដល់ ៧០% នៃមុខរបរការងារសរុប ។
សូមជម្រាបជូនថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) បានដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ ការបង្កើនប្រាក់ចំណូលគ្រួសារ ការផលិតក្នុងស្រុក ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការរួមចំណែកដល់ពិពិធកម្មសេដ្ឋកិច្ចជាតិ។ យ៉ាងណាមិញ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ភាគច្រើនតែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងកង្វះខាតលទ្ធភាពទទួលបានហិរញ្ញប្បទាន សមស្រប សម្រាប់ការចាប់ផ្តើមអាជីវកម្ម ការវិនិយោគ និងការពង្រីកអាជីវកម្មរបស់ខ្លួន។ បញ្ហាទាំងនេះភាគច្រើនកើតឡើងដោយសារតែកង្វះព័ត៌មានជុំវិញលក្ខខណ្ឌតម្រូវ និងការរៀបចំឯកសារអាជីវកម្មឱ្យបានគ្រប់គ្រាន់ និង
ត្រឹមត្រូវ។ កត្តាទាំងនេះហើយដែលនាំបង្កើតឱ្យមានវេទិកាថ្នាក់ជាតិនេះឡើង ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាខាងលើនេះផងដែរ។
វេទិកាថ្នាក់ជាតិស្តីពី "លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)" ធ្វើឡើងរយៈពេល ២ថ្ងៃ (ថ្ងៃទី២៧-២៨ តុលា) នឹងជួយឱ្យម្ចាស់សហគ្រាសយល់ច្បាស់ពីនីតិវិធីស្នើសុំកម្ចី និងរបៀប ទទួលបានហិរញ្ញប្បទាន តាមរយៈការជួបពិភាក្សាដេញដោលដោយផ្ទាល់ជាមួយតំណាងធនាគារ និងជាទីកន្លែងរួមគ្នាស្វែងរកដំណោះស្រាយជាក់ស្តែង និងចង់ឃើញ MSMEs មានការគ្រប់គ្រងហិរញ្ញវត្ថុល្អ ទទួលបានការជឿ ទុកចិត្តពីអ្នកផ្តល់ឥណទាន និងមានលទ្ធភាពជ្រើសរើសប្រភពទុនសមស្របតាមដំណាក់កាលអាជីវកម្ម។









BECOME A MEMBER
