សៀមរាប៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពន្ធដារ និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ សោម៉ាទេវី ខេត្តសៀមរាប នឹងមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិលចំនួន ៣០ ស្ថាប័ន។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងចែករំលែកបទពិសោធន៍មេរៀនសំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុត្តិធម៌ពន្ធដារ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅក្នុងអង្គសិក្ខាសាលាបានពិភាក្សាលើករណីនេះ ដើម្បីស្វែងរកយន្តការ និងវិធីសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅទប់ស្កាត់ការគេចវេះពន្ធពីក្រុមហ៊ុនអន្តរជាតិ ឬបុគ្គលពាក់ព័ន្ធ និងបង្កើនចំណូលពន្ធជូនរដ្ឋ ហើយអង្គសិក្ខាសាលា បានលើកឡើងអំពីប្រទេសកម្ពុជា មានការបាត់បង់ចំណូលពន្ធមួយចំនួនដែរ ដោយសារការប្រមូលពន្ធមិនអស់ តែប្រទេសផ្សេងៗក៏ដូចគ្នាដែរ ដោយសារ អ្នកវិនិយោគ មិនបានប្រកាសពន្ធត្រឹមត្រូវ។ ជាមួយគ្នានេះ សហភាពអឺរ៉ុបបានសម្តែងការគាំទ្រតាមរយៈកម្មវិធីជំនួយ និងការបញ្ជូនអ្នកជំនាញមកធ្វើការផ្ទាល់ជាមួយក្រសួងជំនាញ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា។
អង្គសិក្ខាសាលាបានគូសបញ្ជាក់ថា ការប្រមូលពន្ធឱ្យបានគ្រប់ជ្រុងជ្រោយគឺជាកត្តាចាំបាច់ ប៉ុន្តែ សមត្ថភាពរបស់អ្នកប្រមូលពន្ធ និងការអនុវត្តប្រព័ន្ធពន្ធដារឱ្យបានល្អ ក៏ជាចំណុចស្នូលដែលមិនអាចមើលរំលងបានឡើយ។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានចាត់ទុក «កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ជាការងារអាទិភាពដ៏សំខាន់ ដោយបច្ចុប្បន្នបានឈានដល់ ដំណាក់កាលទី៤ ហើយ។ ការប្រមូលពន្ធពីអ្នកវិនិយោគធំៗ ត្រូវបានធ្វើឡើងផ្អែកលើនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដោយមានការធ្វើសវនកម្មរៀងរាល់ ៣ ឆ្នាំម្តង ព្រមទាំងមានការលើកទឹកចិត្តជាច្រើនផ្នែក។ ការធ្វើសវនកម្មមានការថយចុះគួរឱ្យកត់សម្គាល់ ដោយសារតែអ្នកជាប់ពន្ធមានឆន្ទៈចូលរួមបង់ពន្ធកាន់តែច្រើន។ កាលណារាជរដ្ឋាភិបាលប្រមូលចំណូលពន្ធបានកាន់តែច្រើន រដ្ឋនឹងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការចំណាយលើការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ហើយសិក្ខាសាលាមានការចែករំលែកពីអន្តរជាតិ ពីប្រទេសមួយទៅប្រទេសមួយដែរ អំពីការប្រមូលថវិកាពន្ធដារ និងការចំណាយថវិកាឲ្យមានប្រសិទ្ធភាព។
រូបភាព និងអត្ថបទ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ




BECOME A MEMBER
