BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

The second discussion meeting with the private sector on the draft amendment to the Customs Law.

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី, នៅសាលាជាតិគយ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ជាមួយនឹងវិស័យឯកជន លើសេចក្តីព្រាងវិសោធន កម្មច្បាប់ស្តីពីគយ ក្រោមអធិបតីភាពសហដឹកនាំដោយ ឯកឧត្តម សែ សុឃន អគ្គនាយករង​នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី៣ និងទី៤ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និង ឧកញ៉ាបណ្ឌិត គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី៣ តំណាងផ្នែក ឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន។ 
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, សមាជិកសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីបន្តពិគ្រោះ ពិភាក្សារវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលជាអ្នកអនុវត្តច្បាប់ និងវិស័យឯកជនដែលជាប្រតិបត្តិករផ្ទាល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីគយ។
សូមជម្រាបជូនថា ច្បាប់ស្តីពីគយដែលកំពុងអនុវត្តសព្វថ្ងៃនេះ ត្រូវបានចូលជាធរមាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ហើយកំពុងត្រូវបានពិគ្រោះ ពិភាក្សា ដើម្បីធ្វើវិសោធនកម្ម ដើម្បីធ្វើបច្ចុប្បន្នភាព បទប្បញ្ញាត្តិច្បាប់ឱ្យសមស្របនឹងការវិវត្តនៃបរិបទសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ព្រមទាំងពង្រឹង ប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ និងការសម្រួលពាណិ់ជ្ជកម្ម។ 
គោលការណ៍នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីគយ​នេះ ធ្វើឡើងតាមមូលដ្ឋានគន្លឹះចំនួន៣ សម្រាប់ធានាឱ្យសេចក្តីព្រាងវិសោធនកម្មច្បាប់នេះមានភាពជាក់ស្តែង និងអាចអនុវត្តបានរួមមាន៖ 
១. ការរក្សាទុក៖ ដោយរក្សាទុកនូវបទប្បញ្ញាត្តិដែលមានលក្ខណៈសមស្រប និងអាចអនុវត្តបានល្អ
២. កែសម្រួល/លុបចោល៖ កែសម្រួល ឬលុបចោលនូវបទប្បញ្ញាត្តិដែលមិនច្បាស់ ឬលែងមានលក្ខណៈសមសម្របនឹងការអនុវត្ត និង
៣. បន្ថែមថ្មី៖ បន្ថែមបទប្បញ្ញាត្តិថ្មីដែលឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ច សង្គម បច្ចេកវិទ្យា និងស្តង់ដារអន្តរជាតិ។
កិច្ចប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្រោមបរិយាកាសស្និទ្ធស្នាល និងលទ្ធផលគួរជាទីមោទនៈ។

​​​​​​​

Share: