នាព្រឹកថ្ងៃពុធ ៩រោចខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមពិធីប្រកាសដាក់ដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានវិទ្យាដំណាក់កាលទី២ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថានទូត។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានវិទ្យាដំណាក់កាលទី២នេះ រួមបញ្ចូលក្រសួង-ស្ថាប័នចំនួន៤បន្ថែមទៀត គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ថ្លែងក្នុងឱកាសនៃពិធីប្រកាសដាក់ដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានវិទ្យាដំណាក់កាលទី២ នេះ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងអំពីតួនាទីដ៏សំខាន់របស់វិស័យឯកជនដែលត្រូវចាប់ផ្តើមធ្វើបដិវត្ដកម្មឌីជីថលក្នុងអាជីវកម្ម និងបានផ្តល់អនុសាសន៍មួយចំនួនដល់វិស័យឯកជនរួមមាន៖
១)គួរផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើការតាមយុគបច្ចេកវិទ្យាឌីជីថល ២)កំណត់ចក្ខុវិស័យរបស់ខ្លួនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងធ្វើការវាយតម្លៃឡើងវិញនូវសមត្ថភាពនិងធនធានរបស់ខ្លួន
៣)កំណត់អាទិភាពនៃធ្វើឌីជីថលូនីយកម្មទាំងផ្នែកប្រតិបត្តិការនិងផ្នែកទីផ្សារ
៤)ពង្រឹងកិច្ចសហប្រតិបត្តិការ និងសហបង្កើតថ្មីរវាងរដ្ឋនិងឯកជន ឬរវាងឯកជននិងឯកជន និងស្វែងរកកម្មវិធីគាំទ្រផ្សេងៗរបស់រាជរដ្ឋាភិបាលដែលកំពុងត្រូវបានដាក់ចេញ។