ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជា

នាព្រឹកថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា រៀបចំពិធី “ស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា” ក្រោមអធីបតីភាពរបស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីទទួលស្វាគមន៍ជាផ្លូវការ និង ប្រគល់លិខិតបញ្ជាក់សមាជិកភាពជូនសមាជិក-សមាជិកាថ្មី។ ថ្លែងក្នុងឱកាសនៃពិធីនេះ ឯកឧត្តម ឧកញ៉ា អគ្គនាយក មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិក-សមាជិកាថ្មី និងបានលើកឡើងអំពីប្រវត្តិនិងតួនាទីដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យឯកជន និង សេដ្ឋកិច្ចជាតិ ។ ទន្ទឹមនឹងនេះ សមាជិក-សមាជិកាថ្មីសភាពាណិជ្ជកម្មកម្ពុជា ក៏អាចពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួនជាមួយដៃគូបរទេស ឬក្នុងស្រុក តាមរយៈកម្មវិធីជំនួបពាណិជ្ជកម្ម និងព្រឹត្តិកាណ៍ធុរកិច្ចនានារបស់សភាពាណិជ្ជកម្មកម្ពុជា។ ឯកឧត្តម ឧកញ៉ា អគ្គនាយក បានស្នើឲ្យសមាជិក-សមាជិកាថ្មីទាំងអស់ ចូលរួមគាំទ្រដល់សកម្មភាពនានារបស់សភាពាណិជ្ជកម្មកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយលេខាធិការដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ដើម្បីប្រយោជន៍រួមរបស់សហគមន៍ធុរកិច្ចកម្ពុជា។
ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ឬ info@ccc.org.kh

ចែករំលែក: