រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត បំពេញទស្សនកិច្ចផ្លូវការ និង ទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និង សាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមក្នុង វេទិកាធុរកិច្ច អាស៊ែបៃហ្សង់-កម្ពុជា (Azerbaijan-Cambodia Business Forum) ដែលសហការរៀបចំដោយសភាពាណិជ្ជកម្ម
កម្ពុជា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ែបៃហ្សង់ ក្នុងគោលបំណងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ ផ្លាស់ប្តូរព័ត៌មានអំពីបច្ចុប្បន្នភាពសេដ្ឋកិច្ច ក៏ដូចជាស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ។ ក្រៅពីនេះ គណៈប្រតិភូក៏នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយភាគីពាក់ព័ន្ធផងដែរ។ ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងវេទិកាធុរកិច្ចសំខាន់ៗផ្សេងទៀត ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅ សាធារណរដ្ឋតួកគីយ៉េ និង សាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងគោលបំណងពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងលើកកម្ពស់ភាពជាដៃគូក្នុងតំបន់ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។

ចូលជាសមាជិក
