ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យលើសេចក្តីព្រាង របាយការណ៍ស្តីពីវឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពសហដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលសម្រាប់យន្តការ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ) និង អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម កម្ពុជា និងជាអនុប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ​.ស.ឯ.រ.ជ) តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន គ​.ស.ឯ.រ.ជ។  
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, សហប្រធានក្រុមការងារផ្នែកឯកជន ក្រុមការងារលេខាធិការដ្ឋានទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន ក្រុមការងារ CAPRED និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖ 
១. ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦
២. ពិភាក្សាលើដំណើរការនៃការត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០ និងទី
៣. ការងារពាក់ព័ន្ធផ្សេងៗ
សូមជម្រាបជូនថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ ការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ កំពុងឈានទៅសម្រេចពេញលេញ ១០០% ដោយវិធានការសម្រេចពេញលេញបានកើនដល់១៧៣ ស្មើនឹង ៩៦,៦% នៃវិធានការសរុប ខណៈវិធានការកំពុងត្រូវបានអនុវត្តទាំង៦ ស្មើនឹង៣,៤% នៃវិធានការសរុប សម្រេចបានវឌ្ឍនភាព សំខាន់ៗ ដែលស្ថិតក្នុងបង្គោលចរទី២ (៤ វិធានការ) និងទី៣ (២ វិធានការ)។
ដោយឡែកសម្រាប់ការដោះស្រាយបញ្ហានៅក្រុមការងារតាមវិស័យក្រោយវេទិកា G-PSF លើកទី១៩ វិញ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ត្រូវបានសង្កេតឃើញថាមានភាពល្អប្រសើរ ដោយក្នុងបញ្ហាសរុបចំនួន២៤០ មាន២២ កំពុងត្រូវបានដោះស្រាយ ហើយក្នុង ចំណោមបញ្ហាទាំង២៤០នេះ មានបញ្ហាថ្មីចំនួន៤២ ត្រូវបានលើកឡើងក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលក្នុងនោះ៣៩ ត្រូវបានដោះស្រាយរួចរាល់ ខណៈ៣ កំពុងត្រូវបានដោះស្រាយ។
កិច្ចប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង ១១:១៥ នាទីព្រឹក ក្រោមបរិយាកាសស្និទ្ធស្នាល និងលទ្ធផលគួរជាទីមោទនៈ។

ចែករំលែក: