ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វគ្គបណ្តុះបណ្តាលស្តីពី៖ «ការកសាង និងការពង្រឹងសមត្ថភាពអាជីវកម្ម»

រាជធានីភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងក្រុមហ៊ុន Admit Group ក្រោមការគាំទ្រពីសហគ្រិនខ្មែរ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការកសាង និងការពង្រឹងសមត្ថភាពអាជីវកម្ម ក្រោមប្រធានបទ៖ “ការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្ម” ដែលប្រព្រឹត្តទៅនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច​ ដោយមានការចូលរួមពី ពាណិជ្ជករ អាជីវករ ម្ចាស់អាជីវកម្ម ប្រមាណ ៤០នាក់។
វគ្គបណ្តុះបណ្តាលខាងលើនេះធ្វើឡើងក្នុងគោលបំណងបង្កើនចំណេះដឹងទៅដល់ម្ចាស់អាជីវកម្មលើផ្នែកសំខាន់ៗចំនួន ២ ដោយផ្នែកទី១ ផ្តោតទៅលើការពង្រឹងសមត្ថភាពជូនដល់ម្ចាស់អាជីវកម្ម លើចំណេះដឹង និងជំនាញសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ការរៀបចំ និងគ្រប់គ្រងលទ្ធកម្ម ការគ្រប់គ្រងអ្នកផ្គត់ផ្គង់ភស្តុភារ និងសារពើភ័ណ្ឌឱ្យមានប្រសិទ្ធភាព។ ការបណ្តុះបណ្តាលនេះ ក៏បានផ្តល់នូវចំណេះដឹងអំពីការគ្រប់គ្រងហានិភ័យ ការកំណត់ និងដោះស្រាយបញ្ហាដែលអាចកើតមានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងការពង្រឹងភាពធន់ និងនិរន្តរភាពនៃប្រតិបត្តិការអាជីវកម្ម។
សម្រាប់ផ្នែកទី២ ផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញរបស់ម្ចាស់អាជីវកម្ម ស្តីពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ព្រមទាំងគោលនយោបាយរបស់ក្រុមប្រឹក្សាភិបាល។ ជាមួយគ្នានេះ ក៏បានផ្តល់ចំណេះដឹងស្តីពីការពង្រឹងវិជ្ជាជីវៈក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការត្រួតពិនិត្យស្ថានភាពអាជីវកម្ម ការអនុវត្តនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) ដើម្បីធានាបាននូវប្រសិទ្ធភាព និងស្ថិរភាពក្នុងប្រតិបត្តិការអាជីវកម្ម ព្រមទាំងការវិភាគ និងតាមដានលទ្ធផលការងារតាមប្រព័ន្ធឌីជីថល ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងផ្អែកលើទិន្នន័យ។
វគ្គបណ្តុះបណ្តាលនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងការជួយលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់សហគ្រិនកម្ពុជា ឱ្យយល់ដឹងកាន់តែប្រសើរ ដើម្បីជំរុញការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។
សូមជម្រាបជូនផងដែរថា វគ្គបណ្តុះបណ្តាលខាងលើនេះទទួលបានការសហការជាមួយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍជំនាញ (SDF) និងក្រុមហ៊ុន Admit Group  ដោយទទួលបានការគាំទ្រពីសហគ្រិនខ្មែរ ក្រោមការឧបត្ថម្ភពី ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង ខេមបូឌា ម.ក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កំពង់ផែស្វយ័តភ្នំពេញ។
រូបភាព និងអត្ថបទដោយ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

ចែករំលែក: