(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសមាជិកនៃ ក្រុមប្រឹក្សាជាតិប្រាក់ឈ្មួល អប្បបរមា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំនេះប្រព្រត្តឹទៅក្រោមអធិបតីភាព របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរមា ដោយមានការចូលរួមផងដែរពីសំណាក់ ភាគីរដ្ឋាភិបាល ភាគីកម្មករ និយោជិត និងភាគីនិយោជក និងសមាជិក សមាជិកានៃក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរមាផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីបន្តពិនិត្យ ពិភាក្សា និងបោះឆ្នោតសម្រេចលើការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៧។
សូមជម្រាបជូនថា បន្ទាប់ពីកិច្ចប្រជុំចំនួន ១៧លើក តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិតនៅតែមានគោលជំហរផ្សេងគ្នា ដោយតំណាងភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនចំនួន ១៥ដុល្លារអាម៉េរិក ដែលស្មើនឹង ២២៥ដុល្លារ អាម៉េរិក ហើយតំណាងភាគីនិយោជកបានស្នើរក្សាតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារអាម៉េរិក ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។
ដោយផ្អែកលើការបោះឆ្នោត ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចយកតួលេខ ២១០ដុល្លារអាម៉េរិក ក្នុងមួយខែជាប្រាក់ឈ្មួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដែលលទ្ធផលនេះទទួលបានសំឡេងគាំទ្រ ៤៧សំឡើង លើ ៥១សំឡេង។
ដោយឡែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរមាបន្ថែមចំនួន ២ដុល្លារអាម៉េរិក បន្ថែមលើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរមា។ ដូច្នេះប្រាក់ឈ្មួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៧ មានចំនួន ២១២ ដុល្លាអាម៉េរិក ក្នុងមួយខែដោយមិនទាន់បានគិតបញ្ចូលប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ។
ដូច្នេះបើសិនជាបូកបញ្ចូលនូវប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ប្រាក់ឈ្មួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៧ គឺស្ថិតនៅចន្លោះ ២៣១,៥ ដុល្លាអាម៉េរិក ដល់ ២៤២,៥ ដុល្លាអាម៉េរិកក្នុងមួយខែ។
កិច្ចប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ក្រោមបរិយាកាសស្និទ្ធស្នាល និងលទ្ធផលគួរជាទីមោទនៈ។














ចូលជាសមាជិក
