ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ៖ នារសៀលថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) លើកទី២៤។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) បានធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានារបស់សហគមន៍ធុរកិច្ចអាស៊ាន ព្រមទាំងបានលើកឡើងនូវសំណើសំខាន់ៗចំនួន ៦ ដើម្បីស្នើសុំការពិនិត្យ ពិចារណា និងជំរុញដំណោះស្រាយ ជាពិសេសការធានាឱ្យបាននូវ ការអនុវត្តគោលនយោបាយដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៖
១. ការជំរុញកំណើនប្រកបដោយបរិយាបន្ន ៖ ការពង្រឹងការគាំទ្រដល់សហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម (MSMEs) សហគ្រិនស្ត្រី និងសហគ្រិនវ័យក្មេង។
២. សន្តិសុខស្បៀង ៖ ការស្នើសុំអនុម័តលើក្របខ័ណ្ឌគោលនយោបាយសន្តិសុខស្បៀងអាស៊ាន (ASEAN Food Security Policy Framework)។
៣. ថាមពល ៖ ការជំរុញការតភ្ជាប់បណ្តាញថាមពលអាស៊ាន (ASEAN Power Grid)។
៤. បច្ចេកវិទ្យា ៖ ការយកចិត្តទុកដាក់លើថ្នាលឌីជីថល និងបញ្ញាសុប្បនិម្មិត (AI)។
៥. ពាណិជ្ជកម្មក្នុងតំបន់ ៖ ការជំរុញពាណិជ្ជកម្មអាស៊ាន និងការដោះស្រាយរបាំងមិនមែនពន្ធគយ។
៦. ឧស្សាហកម្មច្នៃប្រឌិត ៖ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពអាស៊ានសម្រាប់ឧស្សាហកម្មច្នៃប្រឌិត។









ចូលជាសមាជិក
