ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបសម្តែងការគួរសមរវាងសភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា

នាព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបគណៈប្រតិភូពី មជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (Automotive Center of Excellence Cambodia - ACE Cambodia) ដឹកនាំដោយ លោកជំទាវ ម៉ៅ សុខា នាយក មជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាកិច្ចសហប្រតិបត្តិការរវាងវិស័យអប់រំ និងវិស័យឯកជន។ 
ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហការរវាងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យធុរកិច្ច ជាពិសេសក្នុងវិស័យយានយន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ កិច្ចពិភាក្សាក៏បានផ្តោតលើការអភិវឌ្ឍជំនាញកម្លាំងពលកម្ម ការបង្កើនឱកាសកម្មសិក្សា និងការងារសម្រាប់សិស្សនិស្សិត ក៏ដូចជាការលើកកម្ពស់ការយល់ដឹងអំពីការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងវិស័យយានយន្តផងដែរ។
សភាពាណិជ្ជកម្មកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ACE Cambodia ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ និងគុណភាព ស្របតាមតម្រូវការរបស់វិស័យឧស្សាហកម្ម។ ភាគីទាំងពីរក៏បានបង្ហាញនូវឆន្ទៈក្នុងការបន្តសហការគ្នាលើគំនិតផ្តួចផ្តើម និងកម្មវិធីនានា ដែលអាចរួមចំណែកដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងការរីកចម្រើនប្រកបដោយចីរភាពនៃវិស័យធុរកិច្ច និងសេដ្ឋកិច្ចកម្ពុជា។

ចែករំលែក: