ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ "កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ"

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី នៅសណ្ឋារគារ សុខាភ្នំពេញ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ.ស.ឯ.រ.ជ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ "កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ" ឬហៅកាត់ខ្លីថា "កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ" ក្រោមអធិបតីភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។ 
ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា, តំណាងអង្គទូត, ដៃគូអភិវឌ្ឍន៍, តំណាងគ្រឹះស្ថាន សមាគមឯកជន, ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។ 
ពិធីនេះមានគោលបំណងដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនៃកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ដែលត្រូវបានអនុម័តដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ។ 
សូមជម្រាបជូនថា​ កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនេះ​ ត្រូវបានរៀបចំឡើងក្នុងស្មារតីរក្សាលំនឹងជីវភាពប្រជាជន និងអាជីវកម្ម, ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់ទៅនឹងវិបត្តិថាមពល ព្រមទាំងបង្កើតការងារ និងជ្រោមជ្រែងការងើបឡើងវិញនៃធរុកិច្ច ដែលកម្មវិធីនេះត្រូវបានកំណត់គោលដៅចំនួន ៤ សំខាន់ៗដូចជា៖ 
ទី១. រក្សាលំនឹងជីវភាពរបស់ក្រុមប្រជាជនគោលដៅ តួយ៉ាង ប្រជាជនក្រីក្រ, គ្រួសារងាយរងហានិភ័យ, កសិករ ពលករទេសន្តរប្រវេសន៍ និងគ្រួសារភៀសសឹក និងអ្នកប្រកបរបររត់រ៉ឺម៉កកង់បី ជាដើម
ទី២. លើកកម្ពស់សហគ្រាសខ្នាតមីក្រូ, តូច និងមធ្យម (MSMEs) ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករចម្បងជំរុញកំណើនសេដ្ឋកិច្ចជាតិ,
ទី៣. លើកកម្ពស់ការអភិវឌ្ឍជំនាញ, បង្កើតមុខរបរ និងពង្រីកឱកាសការងារ តាមរយៈ កម្មវិធីបណ្តុះបណ្តាលជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារ និងកម្មវិធីបង្កើតការងារនៅមូលដ្ឋាន, និង
ទី៤. ពង្រឹងការគ្រប់គ្រង និងជំរុញការធ្វើអន្តរកម្ម ព្រមទាំងការបំប្លែងថាមពល ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពឆ្លើយតបចំពោះវិបត្តិថាមពលជាយថាហេតុនាពេលអនាគត។
កម្មវិធីនេះ មិនមែនជាការដាក់ចេញវិធានការថ្មីទាំងស្រុងនោះទេ; ប៉ុន្តែ, ជាការប្រមូលផ្តុំ, កែសម្រួល ឬពង្រីកវិធានការដែលមានស្រាប់ និងបន្ថែមវិធានការថ្មីៗតាមការចាំបាច់ ដើម្បីឱ្យការឆ្លើយតបរបស់ រាជរដ្ឋាភិបាលកាន់តែគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងចំគោលដៅ ។ 
សូមជម្រាបបន្ថែមថា កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយនេះត្រូវបានបែងចែកចេញជាកញ្ចប់អន្តរាគមន៍ចំនួន ៣ រួមមាន៖
-​ កញ្ចប់អន្តរាគមន៍ទី១ ដែលមានវិធានការសរុបចំនួន ១៥ វិធានការ ក្នុងការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ 
- កញ្ចប់អន្តរាគមន៍ទី២ ដែលមានវិធានការសរុបចំនួន ៤ វិធានការ ក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ និង
- កញ្ចប់អន្តរាគមន៍ទី៣ ដែលមានវិធានការសរុបចំនួន ៨ វិធានការ ក្នុងការគ្រប់គ្រង ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល។ 
វិធានការទាំងនេះ នឹងត្រូវអនុវត្តក្នុងពេលដំណាលគ្នា ចាប់ពីឆមាសទី២ ឆ្នាំ២០២៦ នេះតទៅ រហូតដល់កាលបរិច្ឆេទកំណត់ជាក់ស្តែងដែលបានកំណត់សម្រាប់វិធានការនីមួយៗ លើកលែងតែ វិធានការមួយចំនួនដែលមានចរិតចូលរួមកសាងភាពធន់សង្គម-សេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលមធ្យម និងវែង។​
ពិធីនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

ចែករំលែក: