ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង គណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនខេត្តហ៊ូណាន

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនខេត្តហ៊ូណាន (CCPIT Hunan Sub-Council) ដឹកនាំដោយ លោក តេង លួវស៊ីង (Deng Luoxing) មន្ត្រីត្រួតពិនិត្យថ្នាក់ទី១ ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនេះ លោក តេង លួវស៊ីង (Deng Luoxing) បានថ្លែងថា ធុរជនខេត្តហ៊ូណានមានបំណងចង់បើកទីផ្សារថ្មី ព្រមទាំងស្វែងយល់ និងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា ខណៈពេលដែលសមាជិកមួយចំនួននៃគណៈប្រតិភូកំពុងមានវត្តមាន និងសិក្សាស្រាវជ្រាវបរិបទទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។ បន្ថែមពីលើនេះ លោកក៏បានគោរពអញ្ជើញសភាពាណិជ្ជកម្មកម្ពុជាឱ្យដឹកនាំគណៈប្រតិភូចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នៅខេត្តហ៊ូណាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៦ ខាងមុខនេះ។ 
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ពីចំណងមិត្តភាពរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹងដោយថ្នាក់ដឹកនាំកម្ពុជាគ្រប់ជំនាន់។ អ្នកឧកញ៉ាបានបន្ថែមថា វិនិយោគិនចិនដែលបានមកវិនិយោគនៅកម្ពុជានាពេលកន្លងមក សុទ្ធសឹងតែទទួលបានជោគជ័យ ហើយធុរជនទាំងអស់នោះជាតឹកតាងនិងជាកត្តាទាក់ទាញដ៏សំខាន់ក្នុងការជំរុញគណៈប្រតិភូ និងវិនិយោគិនថ្មីៗបន្ថែមទៀតមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ជាការឆ្លើយតបទៅកាន់​លោក តេង លួវស៊ីង អ្នកឧកញ៉ាបានទទួលយកការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ និង ពិនិត្យលទ្ធភាពរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមកម្មវិធីនេះ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើតភាពជាដៃគូយូរអង្វែងរវាងភាគីទាំងពីរ។
ជាទីបញ្ចប់ ភាគីទាំងពីរប្តេជ្ញាបន្តនិង ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូទៅវិញទៅមក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ចែករំលែក: