(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទី នៅអាគារនៃធនាគារវីង (Wing Tower), មានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី "កិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ" រវាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និង សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក) ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រធាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។
កិច្ចពិភាក្សានេះក៏មានការចូលរួមផងដែរពីសំណាក់អនុប្រធាន និងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា, អនុប្រធាន និងមន្ត្រីពាក់ព័ន្ធនៃ អង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
កិច្ចប្រជុំពិភាក្សានេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សាគ្នាទៅលើខ្លឹមសារនៃសេចក្តីព្រាងនៃអនុស្សរណៈនៃការយោគយល់គ្នារវាង អង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា និង សភាពាណិជ្ជកម្មកម្ពុជា ឱ្យបានលម្អិតមុននឹងឈានទៅដល់ការចុះ ហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នានាពេលឆាប់ៗខាងមុខនេះ។
អនុស្សរណៈនៃយោគយល់គ្នានេះគឺជាការបោះជំហ៊ានដ៏មានសារៈសំខាន់នៃការសហការប្រកបដោយភាពជិតស្និទ្ធរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងតួនាទី និងបង្ហាញពីភាពស្អាតស្អំរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមស្ថាប័នតំណាងវិស័យឯកជន ដែលជាចក្រចេញចូលផ្លូវការតែមួយគត់ ដែលមានសមត្ថកិច្ចទទួលយករាល់ពាក្យបណ្តឹងរបស់ ធុរជន និងអ្នកវិនិយោគ ដើម្បីបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាប្រឈម នានារបស់ធុរជន និងវិនិយោគិនទាំងក្នុង និងក្រៅស្រុកប្រកបដោយតម្លាភាព ធានារក្សាការសម្ងាត់ និងលុបបំបាត់ចំណាយក្រៅផ្លូវការ។
អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ពេលវេលានេះជាពេលដ៏សមស្របបំផុតក្នុងការចុះ MOU នេះ ដែលជាការស្នើសុំជាច្រើនពីសំណាក់ធុរជន វិនិយោគគិនទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជាអភិបាលកិច្ចល្អ ក្នុងការជួយគិតគូរ ជួយកែ ជួយជម្រុញ ដើម្បីស្តារ និងបង្កើនទំនុកចិត្តក្នុងន័យជំរុញឱ្យមានកំណើនសេដ្ឋកិច្ចតាមរយៈការចូលមកវិនិយោគបន្ថែមទៀត មកកាន់កម្ពុជា។ អ្នកឧកញ៉ាក៏បានស្នើសុំឱ្យមានគណៈកម្មការមួយក្នុងការត្រួតពិនិត្យនូវខ្លឹមសារនៃ MOU នេះ នឹងបង្កើតឱ្យមាននីតិវិធី អនុវត្តជាស្តង់ដារ (SOP) មួយក្នុងការអនុវត្ត MOU នេះផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា ការចុះ MOU របស់សភាពាណិជ្ជកម្មកម្ពុជា នេះគឺជាការបង្ហាញអំពីកិច្ចសហប្រតិបត្តិការគ្នាដោយចំហរ និងបានបង្ហាញអំពីឆន្ទះយ៉ាងស្មោះស្មគ្រ័ និងភាពស្អាតស្អំក្នុងនាមវិស័យ ឯកជនដែលតំណាងឱ្យធុរជន និងវិនិយោគគិនទាំងក្នុង និងក្រៅស្រុក។ ឯកឧត្តមបានបន្ថែមថា ក្តីកង្វល់របស់វិស័យឯកជនគឺជាកង្វល់រួម របស់ប្រទេសជាតិ ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល បើទោះបីជាមិនអាចទទួលបានការដោះស្រាយ បានភ្លាមៗ យ៉ាងហោចណាស់រដ្ឋាភិបាលក៏បានដាក់ចេញនូវគោលការណ៍ផ្សេងៗក្នុងគោលបំណងដោះស្រាយបញ្ហារបស់វិស័យឯកជន ជារួម។
ជាចុងក្រោយ ឯកឧត្តមបានឯកភាពចំពោះការលើកឡើងរបស់ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលថា ពេលវេលានេះគឺជា ពេលវេលាដ៏សមស្របបំផុតក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងន័យថែរក្សាអ្នកវិនិយោគចាស់ និងទាក់ទាញអ្នក វិនិយោគថ្មីបន្ថែមទៀត។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។












ចូលជាសមាជិក
