ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ទស្សនកិច្ចសិក្សាស្វែងយល់ពីប្រតិបត្តិការរបស់ក្រុមហ៊ុន Hangang Food ជាក្រុមហ៊ុនបុត្រសម្ព័ន្ធឈានមុខ និងជាប្រតិបត្តិកររោងចក្រផ្គត់ផ្គង់សាច់បសុបក្សីទំនើបបំផុតរបស់សម្ព័ន្ធ Harim Group

វ៉ាស៊ុង សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃពុធ ៣កើត ខែអាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា ចាន់ សុឃាំង សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានបន្តអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Hangang Food ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធឈានមុខ និងជាប្រតិបត្តិកររោងចក្រផ្គត់ផ្គង់សាច់បសុបក្សីដ៏ទំនើបបំផុតរបស់សម្ព័ន្ធ Harim Group ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក Kilyeon Park ប្រធានក្រុមហ៊ុន Hangang Food ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកក្រុមហ៊ុនជាច្រើនរូប។


ក្នុងឱកាសនៃទស្សនកិច្ចសិក្សានោះ គណៈប្រតិភូកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការស្វែងយល់ស៊ីជម្រៅអំពីប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Hangang Food ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើការអនុវត្តស្តង់ដារបរិស្ថានមេត្រី (Environmental Friendly) និងការប្រើប្រាស់ប្រព័ន្ធភស្តុភារកម្មខ្សែច្រវាក់ត្រជាក់ស្វ័យប្រវត្តិ (Automated Cold-Chain Logistics) ដ៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការរក្សាគុណភាព សុវត្ថិភាព និងភាពស្រស់ជានិច្ចនៃផលិតផល។ ជាមួយគ្នានោះ គណៈប្រតិភូក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីស្រូបយកនូវចំណេះដឹង បទពិសោធន៍ល្អៗ និងបច្ចេកវិទ្យាកសិ-ឧស្សាហកម្មជឿនលឿន ក្រោមទស្សនាទាន «ពីកសិដ្ឋានរហូតដល់តុអាហារ» (Farm-to-Table) សំដៅលើកកម្ពស់ស្តង់ដារខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាការកែច្នៃម្ហូបអាហារ និងបសុសត្វនៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញនាពេលអនាគត។

ចែករំលែក: