អ៊ីនឆ័ន សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃអង្គារ ២កើត ខែអាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ឧកញ៉ា ចាន់ សុឃាំង សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានបន្តអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ធ្វើទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យ Incheon Baek ដែលជាគ្រឹះស្ថានសុខាភិបាលដ៏ល្បីល្បាញមួយនៅសាធារណរដ្ឋកូរ៉េ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់ លោកវេជ្ជបណ្ឌិត Seungho Baek ប្រធានមន្ទីរពេទ្យ ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកពាក់ព័ន្ធ។
ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យសុខាភិបាល និងការបង្កើតមន្ទីរពេទ្យស្តង់ដារអន្តរជាតិ គឺជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានស្នើទ្បើងដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ ពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយបច្ចេកទេស ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្រូពេទ្យជំនាញនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពវិស័យសុខាភិបាលនៅកម្ពុជា។







ចូលជាសមាជិក
