ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, ឧកញ៉ាបណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ "ជ" "ផ្នែកទំនាកទំនងវិជ្ជាជីវៈ" ផ្នែកឯកជន នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ " TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។  
ពិធីនេះក៏មានការចូលរួមផងដែរសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា តំណាងអង្គទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ សមាគម សហជីព និងវិស័យ​ឯកជន និងអ្នកពាក់ព័ន្ធប្រមាណជា ១ ១០០នាក់ផងដែរ។ 


ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជម្រាបជូនសម្តេចធិបតី និងអង្គពិធីអំពីវឌ្ឍនភាពនៃវិស័យ TVET ដែលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា កម្មវិធីសិក្សា និងសមត្ថភាពនៃការបណ្តុះ បណ្តាលជំនាញ។ គ្រឹះស្ថាន TVET ក្រោមឱវាទក្រ​សួងទាំង ២៦២ កំពុងផ្តល់ការបណ្តុះបណ្តាលក្នុងរយៈពេលខ្លី មធ្យម និងវែង ជាមធ្យមប្រមាណ ៦ម៉ឺននាក់ និងការហ្វឹកហ្វឺនកូនជាងជាមធ្យមប្រមាណជាង ៣ម៉ឺននាក់ក្នុងមួយឆ្នាំ។ បើគិតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០២២ ដល់បច្ចុប្បន្ន បានផ្តល់ការបណ្តុះបណ្តាលគ្រប់កម្រិតសរុបប្រមាណ ៦៩,៨ម៉ឺននាក់ ក្នុងនោះកម្មវិធី TVET បណ្តុះបណ្តាលសិស្សសរុបជាង ២៧ម៉ឺននាក់ដោយឥតគិតថ្លៃ។


ថ្លែងនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរចំពោះទិវាជាតិ TVET  ដោយចាត់ទុកប្រធានបទឆ្នាំនេះ ពិតជាបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ និងឥរិយាបថ សមត្ថភាពច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចបានគោលដៅ«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ឬមិនទុកឱ្យយុវជន ប្រជាពលរដ្ឋណាម្នាក់គ្មានជំនាញនោះឡើយ»។ សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានផ្តល់អាទិភាពគន្លឹះទី១ លើ «មនុស្ស» ហើយ «ការបណ្តុះបណ្តាលជំនាញបច្ចេកទេស» គឺជាមុំសំខាន់មួយនៃបញ្ចកោណទី១ «ការអភិវឌ្ឍមូលធនមនុស្ស»។


សម្តេចធិបតី ក៏បានបញ្ជាក់អំពីកត្តាសំខាន់នៃការបណ្តុះបណ្តាលជំនាញទន់ និងត្រូវពង្រីកការផ្សព្វផ្សាយដោយផ្ទាល់នៅមូលដ្ឋាន ដើម្បីពលរដ្ឋបានយល់ដឹងអំពីកម្មវិធីទូលំទូលាយ ហើយត្រូវធ្វើយ៉ាងណាផ្តោតការយកចិត្តទុកដាក់លើគុណភាពជាចម្បង បើទោះបីជាពុំអាចសម្រេចបាននូវចំនួនកំណត់ ១,៥លាននាក់ក៏ដោយ ក៏យើងអាចបន្តធ្វើនៅអាណត្តិក្រោយៗទៀតដែរ។


សូមបញ្ជាក់ថា កម្មវិធីនេះមានរយៈពេល២ថ្ងៃ នៅកោះពេជ្រ ដោយមានការតាំងបង្ហាញស្នាដៃខ្សែច្រវាក់ផលិតកម្ម និងផលិតផល ឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ ឱកាសសិក្សាជំនាញ ឱកាសការងារ ព័ត៌មានពីការធ្វើតេស្ត RPL ការចែករំលែកបទពិសោធល្អៗពីវាគ្មិនជាតិ-អន្តរជាតិ និងមានស្តង់ពិព័រណ៍ជាង ២០០ ព្រមទាំងមានបង្ហាញពីសារៈសំ​ខាន់នៃវិស័យ TVET និងការណែនាំមុខជំនាញអាទិភាព ក៏ដូចជាការតាំងបង្ហាញនៃគ្រឹះស្ថាន TVET ល្បីៗមកពីប្រទេសចិនផងដែរ។

ចែករំលែក: