ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ញត្តិគាំទ្រ សភាពាណិជ្ជកម្មកម្ពុជា ចំពោះ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា

ញត្តិគាំទ្រ សភាពាណិជ្ជកម្មកម្ពុជា ចំពោះ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន    អនុសាសន៍ថា «ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ»។ អនុសាសន៍ដ៏មានតម្លៃនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈដ៏មុតមាំ របស់ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងការពង្រឹងនីតិរដ្ឋ ថែរក្សាសណ្តាប់ធ្នាប់ក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងទប់ស្កាត់រាល់ទំនិញនាំចូលខុសច្បាប់ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សន្តិសុខ និងមុខមាត់របស់ប្រទេសកម្ពុជាទាំងមូល។
សភាពាណិជ្ជកម្មកម្ពុជា សូមអំពាវនាវដល់ សមាជិក សមាជិកា សភាភាពាណិជ្ជកម្មកម្ពុជា ពាណិជ្ជករក្រុមហ៊ុននាំចូល–នាំចេញ វិស័យឯកជនទាំងអស់  សូមគោរពយ៉ាងម៉ឹងម៉ាត់ ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងការពង្រឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងចៀសវាងការចូលរួម ដល់សកម្មភាពនាំចូលទំនិញខុសច្បាប់គ្រប់បែបយ៉ាង ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ។  នេះគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការការពារផលប្រយោជន៍ជាតិ បង្ហាញពីសាមគ្គីភាពជាធ្លុងមួយ និងលើកកម្ពស់មុខមាត់ជាតិ។
សភាពាណិជ្ជកម្មកម្ពុជា តែងតែគាំទ្រយ៉ាងពេញលេញចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងធ្វើការយ៉ាងជិតស្និតជាមួយក្រសួង–ស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កិត្តិយសប្រទេសកម្ពុជា។
សភាពាណិជ្ជកម្មកម្ពុជា សូមបញ្ជាក់ថា នឹងបន្តអនុវត្តតួនាទីជាដៃគូសំខាន់ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការជំរុញការវិនិយោគ ការពង្រឹងវិស័យឯកជន ដើម្បីបង្កើតបរិយាកាសអាជីវកម្ម ប្រកបដោយតម្លាភាព និងគោរពច្បាប់ព្រមទាំងបទប្បញ្ញត្តិទាំងឡាយរបស់ប្រទេសកម្ពុជា។

ចែករំលែក: