ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងក្រសួងពាណិជ្ជកម្ម បានសហការរៀបចំពិធី ស្តីពី “ណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២” ក្រោមអធិតីភាព ចំនួន បី រូប គឺ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ។ ក្នុងពិធីនេះផងដែរមានវត្តមាន ឧកញ៉ា បណ្ឌិត ណាង សុធី អគ្គលេខាធិការនៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ, អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និង តំណាងប្រធានមន្ទីពាណិជ្ជកម្មរាជធានីភ្នំពេញ នឹងជាពិសេស អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាបេក្ខជន ឬតំណាងបេក្ខជន ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសជាសមាជិកសមាជិកាជ្រើសតាំង នៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ដែលមាន ០៤ ផ្នែកគឺ (១). ផ្នែកពាណិជ្ជកម្ម, (២). ផ្នែកសេវាកម្ម និងវិជ្ជាជីវៈសេរី, (៣). ផ្នែកឧស្សាហកម្ម និងសិប្បកម្ម និង (៤). ផ្នែកកសិកម្ម ។
គោបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បី៖
១. ប្រកាសលទ្ធផលជាសាធារណៈអំពីចំនួន បេក្ខជនឈរឈ្មោះបោះឆ្នោត និងចំនួនអ្នកបានចុះឈ្មោះបោះឆ្នោត និងលេខរៀងរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងផ្នែកទាំង៤
២. ធ្វើការណែនាំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ ជ្រាបអំពី សេចក្តីណែនាំ ស្តីពី “ការបោះឆ្នោតសភាពាណិជ្ជកម្មរាជធានីភ្នំពេញ” របស់ ក្រសួងពាណិជ្ជកម្ម លេខ ៣៤៧០ ព.ណ.អ.វ.ឯ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
៣. កំណត់កាលបរិច្ឆេទពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ សម្រាប់អ្នកឈរឈ្មោះបោះឆ្នោតធ្វើការឃោសនាបោះឆ្នោត រកអ្នកគាំទ្ររបស់ខ្លួន ដែលកាលបរិច្ឆេទបោះឆ្នោតផ្លូវការត្រូវបានកំណត់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ/កម្ពុជា។
កម្មវិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
————-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.