អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារ ជាមួយ លោកស្រី ម៉ារីសា ហារុតា (Marisa Haruta) តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅកម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រត្តិបត្តិការក្នុងក្របខណ្ឌ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ព្រមទាំងកិច្ចសហប្រតិបត្តិការលើកស្ទួយវិស័យធុរកិច្ច។ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២ នៅសភាពាណិជ្ជកម្មកម្ពុជា។
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងចូលរួមសហការលើកកម្ពស់វិស័យឯកជនក្នុងកិច្ចការពាណិជ្ជកម្ម និងគាំទ្រកិច្ចសហប្រតិបត្តិការកម្រិតតំបន់ក្នុងក្របខណ្ឌក្រុមប្រឹក្សារពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន។
១. កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត
- រួមគ្នាជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងជប៉ុន និងបណ្តាប្រទេសអាស៊ាន/អាស៊ីខាងកើត
- ស្នើជារបាយការណ៍អនុសាសន៍របស់ក្រុមហ៊ុនឯកជនជូនដល់ថ្នាក់ដឹកនាំ អាស៊ាន/អាស៊ីខាងកើត
- សហការរៀបចំកម្មវិធីកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងជំរុញឲ្យក្រុមហ៊ុននានាជួយឧបត្ថម្ភកិច្ចប្រជុំកំពូលនេះ។
២. កិច្ចសហប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម
- ចូលរួមបង្កើតបរិយាកាសធុរកិច្ចល្អ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត
- សហការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគរួមមានដូចជា ជំនួបពាណិជ្ជកម្ម សិក្ខាសាលា សន្និសីទ ពិព័រណ៍ពាណិជ្ជកម្ម និងបេសកកម្មធុរកិច្ចជាដើម។
គួរបញ្ជាក់ផងដែរថាក្នុងកំឡុងពេលជាង១០ឆ្នាំនេះ សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានសហការធ្វើកម្មវិធីជាច្រើនរួមគ្នា។ ស្ថាប័នទាំងពីរសម្រេចបាននូវការអនុវត្តវកម្មវិធី និងគម្រោងជាច្រើនប្រកបដោយផ្លែផ្កាគួរអោយកត់សម្គាល់។ ដូច្នេះពិធីចុះហត្ថលេខាលើអនុស្សរណៈនាពេលនេះ ជាសញ្ញាវិជ្ជមានមួយដែលជួយពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅទូលំទូលាយជាងមុននូវកិច្ចសហប្រត្តិការរបស់ស្ថាប័នទាំងពីរ។ បន្ថែមលើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការនេះ នឹងជួយរក្សានូវទំនាក់ទំនងល្អ និងកិច្ចប្រឹងប្រែងរួមគ្នារបស់ស្ថាប័នទាំងពីរដើម្បីធានាឲ្យបាននូវផលប្រយោជន៍ជាអតិបរមា ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះ។















ចូលជាសមាជិក
