នាព្រឹកថ្ងៃ ចន្ទ ១៥ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកក្នុងវេទិកាសប្តាហ៍ធុរកិច្ចអាស៊ានជប៉ុន តាមប្រព័ន្ធអនឡាញ ដែលប្រពឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហាហ្កៃដា កូឈី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសជប៉ុន ព្រមទាំងមានការចូលរួមពីធុរជនក្នុងប្រទេស ជប៉ុន ប្រទេសអាស៊ាន និងភាគីពាក់ព័ន្ធ។ គោលបំណងនៃវេទិកានេះ គឺ ដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចអាស៊ានជប៉ុនឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ថ្លែងក្នុងកម្មវិធីនេះ ឧកញ៉ា សុខ ពិសិដ្ឋ បានបង្ហាញការគាំទ្រលើធុរកិច្ច និងការវិនិយោគរបស់ជប៉ុននៅអាស៊ាន និងបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាង ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ជាមួយស្ថាប័នផ្សេងៗរបស់ជប៉ុនក្នុងការជំរុញទំនាក់ទំនងធុរកិច្ច ក៏ដូចជាកិច្ចសម្រួលពាណិជ្ជកម្ម ជប៉ុនអាស៊ាន។ ឧកញ៉ា បានថ្លែងអបអរសាទរចំពោះខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ានជប៉ុន នៅឆ្នាំ ២០២៣ ខាងមុខ និង បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងសភាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដែលបានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការជំរុញធុរកិច្ចនិងវិនិយោគរវាងអាស៊ានជប៉ុន ក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន និងបន្តកិច្ចសហប្រតិបត្តិការទៅឆ្នាំក្រោយៗទៀត។ ឧកញ៉ា បានអញ្ជើញធុរជន ជប៉ុនមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នៅខែវិច្ឆិកា ខាងមុខ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា។








ចូលជាសមាជិក
