(ប៉ៃលិន)៖នៅព្រឹកថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី«ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» នៅសាលប្រជុំរោងកុន ដោយមានការអញ្ជើញចូលរួមពី លោក ស៊ិន ស៊ីដេត អគ្កនាយករង នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ឧកញ៉ា ឡោ ស៊ុនជាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន លោក ហេង ប៊ុនហុង មន្ត្រីនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងជំរុញគម្រោងវិនិយោគឯកជននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ឯកឧត្តម លោក លោកស្រី ប្រតិភូក្រសួងពាណិជ្ជកម្ម មន្ទីរ អង្គភាពជុំវិញខេត្ត សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តប៉ៃលិន ពាណិជ្ជករ អាជីវករប្រមាណ១១០នាក់ ដែលអង្គសិក្ខាសាលានេះសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រសួងពាណិជ្ជកម្ម គាំទ្រដោយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ,ធនាគារ វីង (ខេមបូឌា) ម.ក. ,ធនាគារ ព្រីនស៍ ម.ក,សហគ្រិនខ្មែរ,ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ,កំពង់ផែស្វយ័តភ្នំពេញ និងធនាគារកាណាឌីយ៉ា។
មន្ត្រីជំនាញដែលអញ្ជើញមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានផ្តល់ចំណេះដឹងលម្អិតអំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹង ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ ស្តីពីការប្រកួតប្រជែង និងច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ជំរុញការយល់ដឹងអោយកាន់តែទូលំទូលាយជូនដល់ភាគីពាក់ព័ន្ធដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដល់ធុរកិច្ចជនដែលកំពុងប្រកបអាជីវកម្មដើម្បីស្វែងយល់អំពីច្បាប់ និងបទដ្ឋានគតិយុត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។















ចូលជាសមាជិក
