ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២។

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្នាំ២០២២។

វេទិកានេះដែរ ក៏មានការអញ្ជើញដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ង្វៀន ជីយុង រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម, ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ង្វៀន ហុងស៊ាន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងលោក ង្វៀន ថាញ់យុង ប្រធានក្លឹបធុរកិច្ចវៀតណាមកម្ពុជា ព្រមទាំងធុរជននៃប្រទេសទាំងពីរសរុបចំនួន៣០០នាក់។

ក្នុងឱកាសថ្លែងសុន្ទរកថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ថា រដ្ឋាភិបាលប្រទេសកម្ពុជា-វៀតណាម ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ដើម្បីជំរុញវិនិយោគនិងពាណិជ្ជកម្ម ក៏ដូចជា ផ្តល់នូវព័ត៌មានដ៏ជាក់លាក់អំពីវិស័យសក្តានុពល និងកាលានុវត្តភាពនៅកម្ពុជា និងវៀតណាម។

អ្នកឧកញ៉ា គិត ម៉េង បានបន្តថា វេទិកានេះ នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ មក មិត្តភាពនិងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន និងរឹងមាំ ដោយផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

អ្នកឧកញ៉ាបានគូសបញ្ជាក់ថា វៀតណាមនិងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម-កម្ពុជា នៅឆ្នាំ២០១៧ និងកិច្ចព្រមព្រៀងស្តីការជៀសវាងការយកពន្ធត្រួតគ្នានៅឆ្នាំ២០១៨។ ទំនាក់ទំនងល្អយូរអង្វែងជាប្រទេសជិតខាងគ្នា គឺជាមូលដ្ឋានដ៏ល្អ សម្រាប់សហគ្រាសវៀតណាម ធ្វើការវិនិយោគ និងអភិវឌ្ឍដោយជោគជ័យនៅកម្ពុជា។ វៀតណាម គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងជាប្រចាំ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។

អ្នកឧកញ៉ាបានបន្ថែមទៀតថា នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីមានប្រមាណ ៥,២ពាន់លានដុល្លារ និងកើនដល់ ៥,៤ពាន់លានដុល្លារនៅឆ្នាំ២០២០ ខណៈដែលទំហំពាណិជ្ជកម្មកើនដល់ជិត ៩ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ភាគីទាំងពីរប្ដេជ្ញាសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្ម ១០ពាន់លានដុល្លារ នៅឆ្នាំ២០២២។ ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចូលពីវៀតណាម រួមមាន ដែកថែប និងសម្ភារៈសំណង់ ប្រេង បន្លែផ្លែឈើ និងគ្រឿងចក្រកសិកម្ម ចំណែកឯផលិតផលដែលកម្ពុជា នាំចេញទៅវៀតណាម រួមមាន ផលិតផលឈើ ឧស ស្វាយចន្ទី និងកៅស៊ូ។

ព្រមជាមួយគ្នានោះដែរ កម្ពុជា មានសក្ដានុពលធំធេងដែលវិនិយោគិនអាចពិនិត្យលទ្ធភាពវិនិយោគជាច្រើនវិស័យ ដូចជា កសិកម្ម ពាណិជ្ជកម្ម និងការកែច្នៃម្ហូបអាហារ ទេសចរណ៍ សំណង់ សម្ភារៈផ្ទះបាយ រថយន្ត សម្ភារៈផលិតថាមពល និងឱសថ។ ដីសម្បូរជីជាតិ និងផ្ទៃរាបដ៏ធំទូលាយរបស់កម្ពុជា គឺជាកាលានុវត្តភាពធុរកិច្ចដ៏ធំធេងរាប់ឆ្នាំទៅមុខ សម្រាប់ធុរកិច្ចពាក់ព័ន្ធនឹងការដាំដុះ ការកែច្នៃ និងការផ្គត់ផ្គង់ផលិតផលដំណាំ។ រីឯអនុវិស័យឧស្សាហកម្មកម្មន្តសាល ដូចជា ថាមពល សំណង់ អគ្គិសនី និងគ្រឿងបន្លាស់យានជំនិះ កំពុងរីកចម្រើននិងមានតម្រូវការខ្លាំងនៅទីផ្សារអឺរ៉ុប និងទីផ្សារអាមេរិក។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទទួលបានសន្តិភាពពេញលេញ និងជំរុញកំណែទម្រង់ស៊ីជម្រៅ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែងជាតិ ក្នុងទីផ្សារពិភពលោក។ កម្ពុជាមានទីផ្សារទូលំទូលាយ ក្នុងពិភពលោក ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី និងទ្វេភាគី រួមមានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម។

ទោះបីរងនូវផលវិបាកពីជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចស្ដារឡើងវិញបានឆាប់រហ័សបំផុតក្នុងតំបន់។ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ ត្រូវបានព្យាករណ៍ ក្នុងរង្វង់៥% ដែលគាំទ្រដោយការស្ដារឡើងវិញនូវវិស័យចម្បងៗ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដែលនឹងជួយស្ដារសេដ្ឋកិច្ចឲ្យត្រឡប់ទៅរកកំណើនប្រចាំឆ្នាំ ៧%។

យោងតាមទិន្នន័យពីអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារវៀតណាម ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២២ មានតម្លៃទឹកប្រាក់ ១,៥៥ពាន់លានដុល្លារអាមេរិក បានកើនឡើង ៣,១ភាគរយ ខណៈនៅក្នុងអំឡុងពេលដដែលនេះ កម្ពុជាបាននាំចូលទំនិញមកពីវៀតណាម មានតម្លៃទឹកប្រាក់ ៣,០៧ពាន់លានដុល្លារអាមេរិក បានកើនឡើង ៣៤,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

វេទិកាបានបញ្ជប់ទៅក្រោមបរិយាកាសរីករាយ និងទទួលលទ្ធផលផ្លែផ្កាគួរទីមោទ៕

ចែករំលែក: