ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពិភាក្សាអំពីការជំរុញបច្ចេកវិទ្យាបារកូដ

ទីក្រុងព្រុចសែល ប្រទេសបែលហ៊្សីក៖ ក្នុងឱកាសអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សារវីយ៍លើកទី៤៥ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានស្ថាប័នបារកូដកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោក រឹណូត ដឺ បាបួត (Renaud de Barbuat) ប្រធានស្ថាប័នបារកូដអន្តរជាតិ។ ជំនួបពិភាក្សានេះផ្តោតជាសំខាន់ទៅលើការជំរុញបច្ចេកវិទ្យាបារកូដនៅកម្ពុជា និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការនៅទូទាំងអាស៊ាន។

លោក រឹណូត ដឺ បាបួត បានជម្រាបជូន អ្នកឧកញ៉ា គិត ម៉េង អំពីទិសដៅយុទ្ធសាស្ត្ររបស់ស្ថាប័នបារកូដនៅទូទាំងពិភពលោក ក្នុងការជំរុញបច្ចេកវិទ្យាឌីជីថលក្នុងវិស័យឧស្សាហកម្ម និងជួយដោះស្រាយខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ ស្ថាប័នបារកូដត្រូវបានបង្កើតឡើង និងដំណើរការរយៈពេលជាង ៥០ ឆ្នាំមកហើយ។ បច្ចុប្បន្ន វិស័យសំខាន់ៗ ដែលបច្ចេកវិទ្យាបារកូដកំពុងប្រើប្រាស់រួមមាន៖ វិស័យលក់រាយ សុខាភិបាល ដឹកជញ្ជូន ភស្តុភារ និងម្ហូបអាហារ។ លោក រឹណូត បញ្ជាក់ថា ចំនុចអាទិភាពដែលស្ថាប័នបារកូដ ផ្តោតជាសំខាន់គឺ ១)ទិនន្ន័យអំពីក្រុមហ៊ុនសហគ្រាស ២)បច្ចេកវិទ្យាបារកូដ និង ៣)ស្តង់ដារ។ ក្នុងន័យនេះ លោក មានសេចក្តីសោមនស្សរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នបារកូដកម្ពុជា ក្នុងការជំរុញស្តង់ដារ និងបច្ចេកវិទ្យាបារកូដ និងស្នើ អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការទៅទូទាំងអាស៊ាន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានស្ថាប័នបារកូដកម្ពុជា ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នបារកូដអន្តរជាតិ ចំពោះការជំរុញបច្ចេកវិទ្យាបារកូដ និងអញ្ជើញ លោក រឹណូត បំពេញទស្សនកិច្ចនៅកម្ពុជា និងរៀបចំព្រឹត្តិការណ៍បារកូដរួមគ្នា។ អ្នកឧកញ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់នៃបច្ចេកវិទ្យាបារកូដ ក្នុងការសម្រួល និងជំរុញពាណិជ្ជកម្មអន្តរជាតិ ស្របតាមទិសដៅកិច្ចសហប្រតិបត្តិការអាស៊ាន-អឺរ៉ុប ក្នុងវិស័យឌីជីថល តំណភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ អ្នកឧកញ៉ា ស្នើស្ថាប័នបារកូដអន្តរជាតិ ជួយគាំទ្រស្ថាប័នបារកូដកម្ពុជាខាងបច្ចេកទេស អនុលោមភាព និងស្តង់ដារ។ អ្នកឧកញ៉ា ក៏បានជម្រាបជូនអំពីការអភិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ក្នុងនោះមានក្រុមហ៊ុនធំៗលំដាប់ពិភពលោកជាច្រើនបានចូលមកវិនិយោគនៅកម្ពុជា។ ក្រៅពីនេះ ក៏មានវិស័យសក្តានុពលជាច្រើន ក្នុងការជំរុញបច្ចេកវិទ្យាបារកូដ។

ស្ថាប័នបារកូដ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៧៤ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ីក និង មានការិយាល័យចំនួន ១១៦ នៅទូទាំងពិភពលោក។ មានក្រុមហ៊ុនសហគ្រាសជាសមាជិកបារកូដ ចំនួនជាង ២ លាន និងធ្វើប្រតិបត្តិការអាជីវកម្មដោយប្រើប្រាស់បច្ចេកវិទ្យាបារកូដជាង ៦ ពាន់លានប្រតិបត្តិការ ជារៀងរាល់ថ្ងៃ។ ស្ថាប័នបារកូដកម្ពុជា ចូលជាសមាជិកបារកូដ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ និងជាសមាជិកទី ១០០ របស់ស្ថាប័នបារកូដអន្តរជាតិ។

ចែករំលែក: