ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-សហភាពអឺរ៉ុបលើកទី១០

ក្នុងឱកាសអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នារសៀលថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន សហភាពអឺរ៉ុបលើកទី១០ ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។

នៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះពី ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន រដ្ឋមន្ត្រីបណ្ដាប្រទេសអាស៊ាន មន្ត្រីជាន់ខ្ពស់ពីសហភាពអឺរ៉ុប និងអាស៊ាន និងធុរជនមកពីតំបន់អាស៊ាន និងអឺរ៉ុប។

លោក ឆាល មីឆែល (Charles Michel) ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានថ្លែងកោតសរសើរទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងអឺរ៉ុប និងអាស៊ានដែលមានការរីកចម្រើន ជាពិសេសលោកក៏បានសង្កេតឃើញកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរវាងបណ្តាប្រទេសអាស៊ាន និងអឺរ៉ុប កាន់តែច្រើនឡើងជាលំដាប់ ។ លោកក៏បានបន្តថា ការរៀបចំវេទិកានៅពេលនេះបង្ហាញពីជំនឿទៅវិញទៅមករវាងធុរជនអាស៊ាន និងអឺរ៉ុប។ ជាមួយគ្នានេះលោកក៏បានប្ដេជ្ញាចិត្តថា នឹងជំរុញទំនាក់ទំនងឲ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត ជាពិសេស ផ្ដោតទៅលើវិស័យឌីជីថល ការតភ្ជាប់ទំនាក់ទំនងគ្នា ការអភិវឌ្ឍប្រកបដោយចិរភាព វិស័យសន្តិសុខ ការប្រែប្រួលអាកាសធាតុ។ល។

ប្រធានបទសំខាន់ៗដែលភាគីពាក់ព័ន្ធបានយកមកពិភាក្សារួមមាន ការតម្រង់ទិសឡើងវិញនូវ ចំណាប់អារម្មណ៍របស់សហគមន៍អឺរ៉ុបទៅលើអាស៊ាន ពាណិជ្ជកម្ម ការវិនិយោគនិងសេដ្ឋកិច្ចឌីជីថល ការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងកំណើនវិនិយោគពាណិជ្ជកម្ម។ សំរាប់កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានវេទិកាអញ្ជើញជាវាគ្មិនសំរាប់ចែករំលែកបទពិសោធន៍ និងជាធាតុចូលក្នុងវេទិកាផងដែរ។

កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ានសហភាពអឺរ៉ុបលើកទី១០ គឺជាថ្នាលសម្រាប់សម្របសម្រួល កិច្ចសន្ទនាដ៏មានសារៈសំខាន់ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ការធ្វើឲ្យកាន់តែស៊ីជម្រៅ នៃពាណិជ្ជកម្មអាស៊ាន-សហភាពអឺរ៉ុប ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា »។ កិច្ចប្រជុំកំពូលធុរៈកិច្ចអាស៊ាន សហភាពអឺរ៉ុប លើកទី១០ គឺធ្វើឡើងដើម្បី ប្រមូល នូវធាតុចូល ក៏ដូចជាអនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងឲ្យកាន់តែរឹងមាំថែមទៀត នូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងអាស៊ាន និងសហភាពអឺរ៉ុប។ កិច្ចប្រជុំនេះក៏ជាការបង្ហាញចំណាប់អារម្មណ៍របស់អឺរ៉ុប ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយចាត់ទុកថា គឺជាតំបន់ដែលមានកាលានុវត្តភាព ។ អាស៊ាន និងសហភាពអឺរ៉ុប បានអបអរសាទរខួបលើកទី៤៥ ឆ្នាំនៃភាពជាដៃគូសន្ទនា។ ចាប់តាំងពីឆ្នាំ១៩៧៧ រហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុបបានរីកចម្រើន កាន់តែស៊ីជម្រៅ និងមានវិសាលភាពកាន់តែទូលំទូលាយ។ ទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ទៅដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រ ។ សហភាពអឺរ៉ុប ក៏ទទួលស្គាល់ នូវមជ្ឈភាពអាស៊ាន ដោយចាត់ទុកថា តំបន់នេះគឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិច និង មានកាលានុវត្តភាពជាច្រើននៅក្នុងតំបន់អាស៊ាន ដោយឃើញមានការកើនឡើងប្រជាជនដែលមានចំណូលកម្រិតមធ្យម សេដ្ឋកិច្ចមានភាពរឹងមាំ កំពុងឆ្ពោះទៅកាន់សហគមន៍សេដ្ឋកិច្ច ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាដើម៕

 

ចែករំលែក: